(កាលីហ្វរញ៉ា)៖ សមាជិកសភានៅក្នុងរដ្ឋកាលីហ្វរញ៉ាដែលជាតំបន់អ្នកប្រជាធិបតេយ្យ កំពុងរៀបចំខ្លួនប្រយុទ្ធតតាំងជាមួយនឹងអនាគតប្រធានាធិបតីអាមេរិកថ្មីគឺលោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋពាក់ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel NEws Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
សមាជិកសភាគណបក្សប្រជាធិបតេយ្យបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ ដើម្បីការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវនៅក្នុងរដ្ឋកាលីហ្វរញ៉ា ពីសំណាក់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ដែលនឹងព្យាយាមបណ្តេញពួកគេចេញពីសហរដ្ឋអាមេរិកនៅពេលដែលមហាសេដ្ឋីចលនទ្រព្យរូបនេះឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ លោក Anthony Rendon បាននិយាយថា «ជនអន្តោប្រវេសន៍គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់រដ្ឋកាលីហ្វរញ៉ា ក៏ដូចជាវប្បធម៌ និងសង្គមរបស់សហរដ្ឋអាមេរិក ហើយពួកយើងសូមប្រាប់ទៅកាន់អនាគតរដ្ឋាបាល និងសភាជាតិថ្មីថា ប្រសិនបើចង់ប៉ះពាល់ក្រុមជនអន្តោប្រវេសន៍ទាំងនោះ ចាំបាច់ត្រូវតែឆ្លងកាត់ពួកយើងសិន»។
គួរបញ្ជាក់ថានៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលទីថ្ងៃ០៨ ខែវិច្ឆិកា ពលរដ្ឋអាមេរិកភាគច្រើននៅរដ្ឋកាលីហ្វរញ៉ា បានបោះឆ្នោតដោយដាច់ខាត ទៅឲ្យអតីតស្រី្តទីមួយរបស់សហរដ្ឋអាមេរិកគឺលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ ហើយរដ្ឋដែលមានមនុស្សរស់នៅច្រើនជាងគេបង្អស់នេះមានជនអន្តោប្រវេសន៍គ្មានឯកសារច្បាស់លាស់ ចំនួនមិនក្រោម ២.៧លាននាក់នោះឡើយ ដែលវាស្មើនឹង ០៧ភាគរយនៃចំនួនប្រជាជនសុរបនៅក្នុងរដ្ឋគឺ ៣៩លាននាក់៕