(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការអនុម័តលើដំណោះស្រាយ ដែលស្នើឱ្យមានបទឈប់បាញ់រយៈពេល ០៧ថ្ងៃនៅក្នុងទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី ដោយសារតែរុស្ស៊ី និងចិនបានប្រើសិទ្ធិជំទាស់ ឬវ៉េតូនឹងសំណើនេះ ដោយអះអាងថាវាផ្ទុយទៅនឹងបទបញ្ញាត្តិរបស់ក្រុមប្រឹក្សាសន្តិសុខ ខណៈប្រជាជនស៊ីរីនៅតែជាអ្នកទទួលរងថ្មបាក់ ពីការមិនត្រូវរ៉ូវគ្នារវាងមហាអំណាចពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
នេះគឺជាលើកទី ០៦ហើយដែលទីក្រុងមូស្គូ ប្រើប្រាស់សិទ្ធិវ៉េតូរាំងខ្ទប់ដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ ស្ដីពីបញ្ហាស៊ីរីចាប់តាំងពីសង្រ្គាមផ្ទុះឡើង នៅខែមីនា ឆ្នាំ២០១១ ហើយនេះក៏ជាលើកទី០៥ ផងដែរសម្រាប់ចិន។ ពោលបើនិយាយឱ្យចំការចរចាចេះតែធ្វើឡើង ហើយមហាអំណាចនិយាយគ្នាមិនត្រូវ ប្រជាជនស៊ីរីស្លូតត្រង់នៅតែបន្តបាត់បង់ជីវិតស្ទើរតែរាល់ថ្ងៃ ជាពិសេសគឺនៅភាគខាងកើតទីក្រុង អាឡេប៉ូ តែម្ដងជាទីដែលរដ្ឋាភិបាលស៊ីរី មានរុស្ស៊ីជាមេកើយ អះអាងថាខ្លួនដណ្ដើមបានទឹកដីមួយផ្នែកធំ ពីក្រុមឧទ្ទាមស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក។
ដោយឡែកជុំវិញដំណោះស្រាយនេះដែរ ប្រធានក្រុមប្រឹក្សាសន្តិសុខ លោក Vitali Tchourkine បានគូសបញ្ជាក់ថាប្រទេសចំនួន ១១ បានបោះឆ្នោតគំាទ្ររីឯវ៉េណេស៊ុយអេឡា បោះឆ្នោតជំទាស់ និង អង់ហ្គូឡា បានអនុប្បវាទ។ ទោះបីជាយ៉ាងណាក៏ដោយលោក Tchourkine បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ទាំងមូលរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារនេះ រវាងលោក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី និងសមាភាគីរុស្ស៊ីលោក ស៊ែហ្គៃ ឡារ៉ូវ។
គួររំលឹកថាបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ជនស៊ីវិលយ៉ាងហោចណាស់ ៣២៤នាក់ក្នុងនោះមានកុមារ ៤៤នាក់បានស្លាប់នៅភាគខាងកើតទីក្រុងអាឡេប៉ូ ស្របពេលដែលប្រជាជនស៊ីរី ៥០,០០០នាក់ ក្នុងចំណាមប្រជាជនសរុប ២៥០,០០០នាក់ បានរត់គេចចេញពីទីក្រុងមួយនេះចាប់តំាងពីការផ្ដើមប្រតិបត្តិការ វាយលុកដោយរដ្ឋាភិបាលស៊ីរីមកម្ល៉េះ៕