(ប្រេស៊ីល)៖ ក្លឹបបាល់ទាត់ប្រទេសប្រេស៊ីល Chapecoense ដែលស្ទើរតែបានបាត់បង់កីឡាករទាំងស្រុង នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីដើមសប្តាហ៍មុននោះ ត្រូវបានគេប្រគល់តំណែងជាជើងឯកនៃពានរង្វាន់ទ្វីបអាមេរិកខាងត្បូង (South American Cup) នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង បានប្រកាសថាក្រុម Chapecoense គឺជាជើងឯកនៃការប្រកួតចុងក្រោយឆ្នាំ២០១៦នេះ ទៅតាមអ្វីដែលបានស្នើសុំពីសំណាក់ក្រុម Atletico National ដែលជាគូប្រកួត ហើយបន្ថែមពីលើនេះ ក្រុមដែលបានជួបសោកនាដកម្មដ៏គួរឲ្យរន្ធត់មួយនេះ ក៏នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួនពីរលានដុល្លារអាមេរិក ជាមួយនិងឱកាសចូលរួមការប្រកួត Copa Libertadores de America ផងដែរ។ នេះបើតាមទីភ្នាក់ព័ត៌មាន EBC របស់ប្រទេសប្រេស៊ីល។
គួរបញ្ជាក់ដែរថាយន្តហោះ ដែលដឹកក្រុមកីឡាករបាល់ទាត់ក្លឹប Chapecoense បានធ្លាក់កាលពីយប់ថ្ងៃចន្ទសប្តាហ៍មុន ខណៈពេលដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដើម្បីប្រកួតយកពានជាមួយនឹងក្រុម Atletico National ក្នុងរយៈពេលពីរថ្ងៃ នៅក្នុងវគ្គបញ្ចប់ហើយមនុស្សសរុបចំនួន ៧១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយក្នុងចំណោមអ្នកដែលនៅរស់រានមានជីវិតទាំង ០៦នាក់មានកីឡាករក្លឹប Chapecoense តែបីនាក់ប៉ុណ្ណោះ៕