(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានយល់ព្រមទទួលយកហើយការសុំលាលែងពីតំណែងរបស់អនុប្រធានាធិបតី លោកស្រី Leni Robredo ដែលបានអះអាងថា លោកស្រីមានការខ្វែងគំនិតជាច្រើនជាមួយលោក ឌូធើតេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
កាលពីថ្ងៃអាទិត្យ ម្សិលមិញ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Leni Robredo បានសម្រេចចិត្តដើរចេញពីគណៈរដ្ឋមន្ត្រី នៅចំពោះមុខការមិនចុះសម្រុង នឹងគ្នាជាមួយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ។ ដោយលោកស្រីឱ្យដឹងថាដូច្នេះថា «ខ្ញុំបានទទួលដំណឹងមកថាមាន គេកំពុងរៀបគំរោងលួចយកតំណែង ជាអនុប្រធានាធិបតី របស់ខ្ញុំ ហើយក្រោយមកខ្ញុំក៏ទទួលបានសារជាអក្សរមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនពី ប្រធានគណៈរដ្ឋមន្រ្តី លោក Jun Evasco Junior ថាលោក ឌូធើតេ មិនឲ្យខ្ញុំទៅចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីទៀតឡើយគិតចាប់ពី ថ្ងៃទី០៥ ខែធ្នូ តទៅ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តថាដើរចេញ ពីគណៈរដ្ឋមន្រ្តីនៅថ្ងៃចន្ទ នេះតែម្តង» ។
ដោយឡែកជុំវិញការសុំលាលែងពីមុខដំណែងនេះដែរ លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានទទួលយកសំណើររបស់ លោកស្រី Robredo ។ «ជាមួយភាពស្មោះ ត្រង់ចេញពីបេះដូង ខ្ញុំបានទទួលយកសំណើលាលែងរបស់លោកស្រី Robredo »។ នេះគឺជាសម្ដីរបស់លោក រ៉ូឌ្រីហ្គោ ឌូធើតេ។
គួររំលឹកថា នៅក្នុងការបោះឆ្នោតជាតិហ្វីលីពីនកាលពីខែឧសភា កន្លងទៅ លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានទទួល ជ័យជម្នះក្លាយជាប្រធានាធិបតីថ្មី ជាមួយនឹងសន្លឹកឆ្នោតគាំទ្រចំនួន១៦.៦លានសំឡេង ខណៈគូប្រជែងរបស់លោក គឺលោកស្រី Leni Robredo ទទួលបានត្រឹមតែ ១៤.៤លានសំឡេង ត្រូវបានតែងតាំងជាអនុប្រធានាធិបតី ហើយលោកស្រីបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សាសម្របសម្រួលការអភិវឌ្ឍទីក្រុង និងលំនៅឋានកាលពី ខែកក្កដា៕