(បាងកក)៖ ទោះបីជាព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត អតីតព្រះមហាក្សត្រថៃបានសោយទិវង្គតទៅកាលពីជាងមួយខែមុន និងពុំមានព្រះវត្តមានដើម្បីធ្វើជាម្លប់ដ៏ត្រជាក់ ដល់ព្រះរាជាណាចក្រថៃតទៅមុខទៀតយ៉ាងណាក្តីក៏ពលរដ្ឋថៃរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅលើស្ពានមួយខ្សែដែលត្រូវបានដាក់ឈ្មោះតាមព្រះនាមទ្រង់ នៅចំថ្ងៃដែលត្រូវក្លាយជាថ្ងៃចំរើនព្រះជន្មរបស់ទ្រង់ប្រសិនបើព្រះអង្គនៅមានព្រះជន្មនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
ជារៀងរាល់ឆ្នាំនៅក្នុងរយៈពេលចំនួន ០៧ទសវត្សរ៍កន្លងមកក្រោមការគ្រប់គ្រងរបស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ថ្ងៃទី០៥ ខែធ្នូ ដែលជាថ្ងៃចម្រើនព្រះជន្មរបស់ទ្រង់គឺជាឱកាសដ៏វិសេសវិសាលមួយសម្រាប់ជនរួមជាតិថៃទាំងអស់ ដោយជាទូទៅព្រះមហាក្សត្រជាទីគោរពរបស់ពួកគេតែងតែបានធ្វើការថ្លែងសុន្ទរកថាដើម្បីផ្តល់ជាការត្រួសត្រាយផ្លូវទាំងសង្គម និងនយោបាយដល់កូនចៅរបស់ព្រះអង្គនៅក្នុងប្រជាជាតិដែលបានទទួលការធ្វើរដ្ឋប្រហារជាច្រើនលើកច្រើនសារ និងមានអស្ថិរភាពមួយនេះប៉ុន្តែគួរឲ្យសោកស្តាយនៅក្នុងឆ្នាំនេះពុំដូចឆ្នាំមុនៗទៀតឡើយ។
លោកស្រី Yaowana Kaewpud ដែលបានធ្វើដំណើរពីជាយក្រុងបាងកក ជាមួយកូនស្រីដើម្បីមកចូលរួមក្នុងការជួបជុំគ្នាតាំងពីព្រឹកព្រលឹមថ្ងៃចន្ទនេះនោះបាននិយាយថា «ខ្ញុំនៅតែមានអារម្មណ៍ថាឯកោនិងទទេស្អាត ដោយសារតែពួកយើងគ្មានព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នៅជាមួយតទៅទៀត»។
គួរបញ្ជាក់ថានៅក្រោយពេលដែលព្រះរាជាជាទីគោរពស្រឡាញ់របស់ពលរដ្ឋថៃគ្រប់រូបអង្គនេះបានចូលទិវង្គតកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ រដ្ឋាភិបាលយោធាថៃបានប្រកាសថា នឹងធ្វើការកាន់ទុក្នៅទូទាំងប្រទេសក្នុងរយៈពេលមួយឆ្នាំពេញ ហើយនាពេលថ្មីៗនេះព្រះបុត្រាស្នងរាជ្យរបស់ទ្រង់គឺព្រះបាទ មហា វ៉ាចរ៉ាឡុងកន នៅទីបំផុតបានក្លាយជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រថៃហើយ និងជាស្តេចរាមាទី១០ នៅក្នុងសម័យកាលមហាចក្រីដែលមានចំណាស់ជាង ២០០ឆ្នាំ៕