(វ៉ាស៊ីនតោន)៖ បើទោះជាប្រតិបត្តិការយោធាវាយយកទីក្រុង ម៉ូស៊ូល ពីពួក ISIS មានការលំបាកក៏ដោយ ក៏ទីក្រុងមួយនេះ អាចនឹងត្រូវវាយយកមកវិញនៅមុនពេលការចូលស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការរបស់ លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អាស្តុន ខាធើ ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានដែលសួរថា តើកងទ័ពអ៊ីរ៉ាក់អាចវាយយកទីក្រុង ម៉ូស៊ូល ឱ្យបានមុនថ្ងៃលោក ត្រាំ ឡើងជាប្រធានាធិបតីដែរឬទេ? លោក អាស្តុន ខាធើ បានឆ្លើយថា «វាអាចទៅរួច! ក៏ប៉ុន្តែខ្ញុំសូមនិយាយឡើងវិញថា វាគឺជាការប្រយុទ្ធមួយដ៏លំបាក»។ គិតចាប់តំាងពីផ្ដើមប្រតិបត្តិការយោធា នៅថ្ងៃទី១៧ ខែតុលា ជាមួយការគាំទ្រពីសំណាក់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ កងកម្លំាងឃើត និងកងជីវពលស៊ីអ៊ីតជិត ១០០,០០០នាក់បានវាយរុលទៅមុខលឿនជាងការរំពឹងទុកព្រមទាំងបានដណ្ដើមយកសង្កាត់ជាច្រើននៃទីក្រុង ម៉ូស៊ូល។
ទោះបីយ៉ាងណាក៏ដោយរហូតមកទល់ពេលនេះក្រុម ISIS នៅតែគ្រប់គ្រងទីក្រុងមួយនេះ ៣/៤ នៅឡើយ។ គួរបញ្ជាក់ថាគិតចាប់តាំងពីខែវិច្ឆិកា មកកងទ័ពអ៊ីរ៉ាក់ប្រមាណជា ២,០០០នាក់បានពលីជីវិតនៅក្នុងសង្រ្គាម ប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅទូទាំងប្រទេសជាពិសេសគឺនៅទីក្រុង ម៉ូស៊ូល តែម្ដង៕