(បេ្រស៊ីល)៖ អ្នកនៅរស់រានមានជីវិតម្នាក់ ក្នុងចំណោមមនុស្ស ៦នាក់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកក្រុមកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense បានឱ្យដឹងថា គ្មានឈុតឆាកគួរឱ្យរន្ធត់ណាមួយបានកើតឡើងនោះទេនៅមុនពេលយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ La Mia airlines បានជួបឧប្បទ្ទវហេតុដែលបណ្ដាលឱ្យមនុស្ស ៧១នាក់បាត់បង់ជីវិតវកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Brazil's Globo TV បុគ្គលិកបម្រើការងារលើយន្ដហោះនៃក្រុមហ៊ុនបូឡាវី La Mia airlines នាង Erwin Tumiri បានលើកឡើងដូច្នេះថា៖ «ពួកគេ (ពីឡុត) បានប្រាប់ពួកយើងថា យន្ដហោះនឹងចុះចតជាធម្មតា [....] នៅពេលនោះដែរអ្នករាល់គ្នាបានត្រឡប់ទៅអង្គុយលើកៅអីរៀងៗខ្លួន ខណៈអំពូលភ្លើងលើយន្ដហោះបានដាច់ហើយយន្ដហោះក៏ចាប់ផ្ដើមអង្រួន។ ខ្ញុំគិតថាវាគ្រាន់តែជារំញ័រធម្មតានៅពេលយន្ដហោះត្រៀមចុះចត ក៏ប៉ុន្តែវាមិនមែនដូច្នោះទេ។ ខ្ញុំបានលឺសំឡេង vroom! vroom! ហើយខ្ញុំមិនអាចចងចំាបាន អ្វីដែលកើតឡើងនៅពេលបន្ទាប់នោះទេ»។
គួររំលឹកថាកាលថ្ងៃចន្ទ សប្ដាហ៍មុនយន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ La Mia airlines ដឹកកីឡាករក្លឹបបាល់ ទាត់ Chapecoense បានធ្លាក់នៅឯប្រទេសកូឡុំប៊ី ដោយបានផ្ដាច់អាយុជីវិតមនុស្ស ៧១នាក់ និង ៦នាក់ផ្សេង ទៀត នៅរាស់មានជីវិត ក្នុងចំណោមអ្នកជិះសរុប ៧៧នាក់។ ចំណែកឯមូលហេតុនៃគ្រោះថ្នាក់ ត្រូវបានគេរាយ ការណ៍ជាបឋមថា បណ្ដាលមកពីយន្ដហោះ «អស់សាំង» ខណៈរដ្ឋាភិបាលបូឡាវីបានសម្រេចចិត្តព្យួរអាជ្ញាប័ណ្ឌហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ La Mia airlines៕