(អ៉ីស្លាមបាដ)៖ មនុស្សយ៉ាងហោចណាស់ចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិត និង៧០នាក់ផ្សេងទៀត​បានទទួល​រងរបួសនៅពេល​ដែលអគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Karachi ភាគខាងត្បួងប្រទេសប៉ាគីស្ថាន នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

លោកស្រី Seemi Jamali អគ្គនាយកផ្នែកវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Jinnah ដែលជាកន្លែងជនរងគ្រោះ​ត្រូវបានបញ្ជូនទៅកាន់បានឲ្យដឹងថា ខណៈពេលនេះសាកសពមនុស្សទាំង ១១នាក់បានរក្សាទុកនៅ​កន្លែងតម្កល់សាកសពរបស់មន្ទីរពេទ្យ ដើម្បីត្រៀមប្រគល់ជូនសាច់ញាតិយកទៅ​ធ្វើបុណ្យ​តាមប្រពៃណី នៅក្រោយពេលដែលឆ្លងកាត់ការកំណត់អត្តសញ្ញាណហើយរួចរាល់។

លោកស្រី Jamali បានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមអ្នកដែលស្លាប់​រួមមានស្រ្តីចំនួនបួននាក់ហើយអ្នក​ដែលរងរបួសក៏មានជនបរទេសនៅក្នុងនោះផងដែរ ប៉ុន្តែសញ្ជាតិរបស់ពួកគេពុំត្រូវបានបង្ហើបឲ្យដឹងឡើយ។

គួរបញ្ជាក់ថា បើយោងតាមប្រភពពីមន្ទីរពេទ្យខាងលើដដែល គេកំពុងតែព្រួយបារម្ភថាចំនួនអ្នកបាត់បង់​ជីវិតអាចនឹង​កើនឡើងជាបន្តបន្ទាប់ទៀត ដោយសម្អាងថាអ្នកដែលបាន​ទទួលរងរបួសចំនួន ៣០នាក់ កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង។ ដោយឡែក​គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយនេះត្រូវបានគេពន្លត់ឲ្យរលត់​មួយ​រយភាគរយហើយ ប៉ុន្តែភ្នាក់ងារពន្លត់អគ្គិភ័យនៅតែ​បន្តដឹកនាំប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកនៅក្នុងសណ្ឋាគារ​កើតហេតុនៅឡើយ៕