(ឡុងដ៏)៖ អ្នកវិទ្យាសាស្ត្រ និងរូបសាស្ត្រអង់គ្លេសដ៏ល្បីល្បាញ លោក Stephen Hawking បានព្រមានថា ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះមរណៈ ត្បិតលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក និងការសម្រេចចិត្តដើរចេញពីសហភាពអឺរ៉ុបពីសំណាក់ប្រទេសអង់គ្លេសបានកើតឡើងនៅក្នុងបរិបទ ដែលមនុស្សជាតិ កំពុងស្ថិតនៅពេលវេលាដ៏គ្រោះថ្នាក់លើសពេលណាៗទំាងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
យោងតាមលោក Stephen Hawking ការផ្លាស់ប្ដូរនយោបាយទូទៅនៅលើពិភពលោកបានបង្ហាញថា ភាគច្រើននៃមនុស្សជាតិហាក់ដូចជាត្រូវបានបោះបង់ចោលទាំងស្រុង ដោយមេដឹកនំារបស់ពួកគេ រីឯពួកគេ ក៏លែងមានជំនឿចិត្តលើមេដឹកនាំរបស់ខ្លួនផងដែរ។ «យើងកំពុងរស់នៅក្នុងពេលវេលាដ៏គ្រោះថ្នាក់បំផុតនៃប្រវត្តិសាស្ត្រមនុស្សជាតិ ស្របពេលមេដឹកនាំជាច្រើនបានបំភ្លេចពាក្យសន្យា ឬសម្ដីដែលខ្លួនធ្លាប់បាននិយាយហើយចាប់ពីពេលនេះតទៅ ស្ថានភាពបែបនេះអាចនឹងកើតឡើងគ្រប់ពេលវេលា។ ដូច្នេះដើម្បីដោះស្រាយបញ្ហាយើងត្រូវការពិភពលោករួបរួមគ្នាដ៏ខ្លាំងមួយ»។ នេះគឺជាសម្ដីរបស់លោក Stephen Hawking ។
គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយនោះទេដែលលោក Stephen Hawking បានព្រមានថាពិភពលោកនឹងត្រូវបំផ្លាញ។ លោកផ្ទាល់ក៏ធ្លាប់បានអះអាងដែរថា មនុស្សជាតិសល់ពេលតែ ១,០០០ឆ្នាំប៉ុណ្ណោះដើម្បីរស់នៅលើភពផែនដី ដែលនឹងអាចត្រូវបានបំផ្លាញដោយស្នាដៃមនុស្ស និងគ្រោះមហន្តរាយធម្មជាតិ។ បន្ថែមពីលើនេះអ្នកវិទ្យាសាស្ត្រអង់គ្លេសរូបនេះ ថែមទំាងជំរុញឱ្យមនុស្សងាកមកចាប់អារម្មណ៍លើវិទ្យាសាស្ត្រទីអវកាសដើម្បីស្វែងរកភពថ្មីមួយទៀតជំនួសផែនដី៕