(អាមេរិក)៖ នាពេលថ្មីៗនេះក្រុមហ៊ុនអាមេរិកមានឈ្មោះថា «Virgin Galactic» ដែលមានគោលដៅចម្បងក្នុងការនាំយកភ្ញៀវទេសចរទៅកាន់លំហអាកាសក្នុងរយៈកម្ពស់ ១០០គីឡូម៉ែត្រពីផ្ទៃផែនដីនោះ បានធ្វើការហោះហើរសាកល្បងនូវយានអវកាសថ្មីរបស់ខ្លួន ដោយជោគជ័យជាលើកដំបូងបន្ទាប់ជួបការបរាជ័យកាលពីពីរឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
យានអវកាស SpaceShipTwo ឬ VSS Unity កាលពីចុងសប្តាហ៍មុនបានហោះសាកល្បងជាមួយនិងយន្តហោះសណ្តោងចំនួនពីរគ្រឿងគឺ WhteKnightTwo VMS Eve ដោយចាកចេញពីមជ្ឈមណ្ឌល Mojave Air and Space Port ក្នុងរដ្ឋកាលីហ្វរញ៉ា និងបានផ្តាច់ចេញពីយន្តហោះសណ្តោងរបស់ខ្លួន ហើយធ្វើការហោះសំកាំងដើម្បីត្រឡប់មកចុះចត នៅក្នុងផ្លូវហោះហើរវិញបានដោយជោគជ័យ ដែលប្រការនេះនឹងក្លាយមូលដ្ឋានគ្រឹះនៃការហោះហើរសាកល្បងជាច្រើនថែមទៀតនាពេលអនាគត នៅមុនពេលដែលយានអវកាស VSS Unity អាចប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបដែលបំពាក់ជាប់នឹងខ្លួនផ្ទាល់ដើម្បីទៅកាន់ទីអវកាសបាន ដោយក្រុមហ៊ុនបានបញ្ជាក់ថា នឹងមិនធ្វើចេញប្រតិបត្តិការទេសចរណ៍ទៅកាន់លំហអាកាសនោះឡើយ រហូតទាល់តែអាចធានាសុវត្ថិភាពបានមួយរយភាគរយ។
គួររំលឹកដែរថា កាលពីខែតុលាឆ្នាំ២០១៤ យានអវកាសដំបូងបំផុតរបស់ក្រុមហ៊ុន Virgin Galactic ឈ្មោះ «VSS Enterprise» បានធ្លាក់ឆេះដោយសារតែកំហុសបច្ចេកទេសដែលបង្កឡើងដោយអ្នកបើកបរផ្ទាល់ និងបានសម្លាប់ជីវិតអវកាសយានិកម្នាក់ ខណៈម្នាក់ទៀតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
ចំណែកឯយានអវកាសថ្មី VSS Unity ត្រូវបានរចនាឡើងដើម្បីផ្ទុកអាកាសយានិកចំនួនពីរនាក់ និងភ្ញៀវទេសចរដល់ទៅ ០៦នាក់ ហើយមានអាចនាំយកពួកគេធ្វើដំណើរមិនទៅដល់គន្លងផែនដីតែម្តងនោះឡើយ ប៉ុន្តែអាចនឹងអនុញ្ញាតឲ្យពួកគេទស្សនាភពផែនដី ពីលំហអាកាសនិងស្ថិតនៅក្នុងសភាពគ្មានទម្ងន់បានប៉ុន្មាននាទីផងដែរ ហើយឈ្មោះ VSS Unity នេះត្រូវផ្តល់ដោយអ្នកវិសាស្រ្តជនជាតិអង់គ្លេសដ៏ល្បីល្បាញបំផុតនោះគឺលោក Stephen Hawking ដែលបាននិយាយថាលោកចង់សាកល្បងធ្វើដំណើរនៅក្នុងយានអវកាសមួយនេះ នៅពេលណាដែលវានឹងធ្វើប្រតិបត្តិការជាផ្លូវការ ហើយតម្លៃសំបុត្រក្នុងម្នាក់វិញគឺ ២៥០,០០០ដុល្លារអាមេរិក៕