(អាហ្រ្វិក)៖ ក្រុមអង្គការក្រៅរដ្ឋាភិបាលអាហ្រិ្វកប្រមាណជា ១,៨៧៣ បានបង្ហាញពីគោលបំណងដាក់ពាក្យ បណ្ដឹងប្រឆាំងនឹងអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ សាកូហ្ស៊ី ចំពោះការបង្កអស្ថេរភាព ក៏ដូចជាការបំផ្លិចបំផ្លាញប្រទេសលីប៊ី ព្រមទាំងការប៉ុនប៉ងបង្កអស្ថេរភាព នៅក្នុងប្រទេសហ្គាបុង និង អេក្វាទ័រហ្គីណេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន អ្នកតំណាងក្រុមអង្គការទំាង ១,៨៧៣ បានគូសបញ្ជាក់ថា «អាហ្វ្រិកបានផ្លាស់ប្ដូរ។ អាហ្វ្រិកលែងត្រូវការច្បាប់លោកខាងលិចទៀតហើយ។ យើងនឹងបិទបញ្ចប់ការបំផ្លិចបំផ្លាញទ្វីបរបស់យើង ដោយបណ្ដាប្រទេសលោកខាងលិច និងមេដឹកនាំអាហ្វ្រិកដែលគ្មានទំនួលខុសត្រូវ»។ ជាមួយគ្នានោះដែរក្រុមអង្គការទាំងនេះក៏បានអះអាងដែរថា ខ្លួនបានដាក់ពាក្យប្ដឹង អង្គការសហប្រជាជាតិ (UN) សម្រាប់ការបំផ្លិចបំផ្លាញ និងបង្កអស្ថេរភាពនៅលីប៊ី ដែលបណ្ដាលឱ្យមនុស្ស រាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត។
គួរបញ្ជាក់ថា ពាក្យបណ្ដឹងរបស់ក្រុមអង្គការទំាងនេះគឺផ្ដោតសំខាន់ទៅលើអន្តរាគមន៍យោធាបារំាងនៅលីប៊ី និងការប៉ុនប៉ងបង្កអស្ថេរភាពនៅក្នុងប្រទេសហ្គាបុង និងអេក្វាទ័រហ្គីណេ៕