(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលមានកម្រិត ៦.៤រ៉ិចទ័របានវាយប្រហារខេត្ត East Nusa Tenggara នៃភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែសំណាងល្អពុំបានបង្កជារលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមទីភ្នាក់ងារឧតុនិយម និងរូបសាស្ត្រនៃផែនដីឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ០៨៖១៣នាទីព្រឹក (ម៉ោងនៅក្នុងរដ្ឋធានីហ្សាការតា) នៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រភាគឦសាននៃខេត្ត Flores Timur និងមានជម្រៅដល់ទៅ ៥២៥គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។
ទោះជាបែបនេះក្តីទីភ្នាក់ងារដដែលមិនបានចេញសេចក្តីព្រមាន អំពីរលកយក្សស៊ូណាមិដែលបង្កឡើងដោយគ្រោះរញ្ជួយដីមួយនេះឡើយ ហើយមកទល់ពេលនេះក៏ពុំមានសេចក្តីរាយការណ៍ណាមួយដែលការញ័ររញ្ជួយបានជះឥទ្ធិពលទៅដល់តំបន់ដទៃៗទៀតនោះដែរ។
គួរបញ្ជាក់ដែរថាឥណ្ឌូណេស៊ីគឺជាប្រទេសមួយដែលងាយនឹងទទួលរងនូវការវាយប្រហារសារគ្រោះមហន្តរាយរញ្ជួយដីជាទីបំផុត ព្រោះថាទីតាំងភូមិសាស្រ្តរបស់ប្រទេសប្រជុំកោះមួយនេះ ស្ថិតនៅចំតំបន់ដែលគេហៅថា «The Pacific Ring of Fire»៕