(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីនលោកស្រី Leni Robredo បានសម្រេចចិត្តថានឹងចុះចេញពីតំណែងជារដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការលំនៅឋាន នៅចំពោះមុខការមិនចុះសម្រុងនឹងគ្នាមួយចំនួន ជាមួយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ និងគំរោងកម្ចាត់លោកស្រីចេញពីតំណែងជាអនុប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។
លោកស្រី Robredo នៅថ្ងៃអាទិត្យម្សិលមិញនេះបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានទទួលដំណឹងមកថាមានគេ កំពុងគំរោងចង់លួចយកតំណែងជាអនុប្រធានាធិបតីរបស់ខ្ញុំ ហើយក្រោយមកខ្ញុំក៏ទទួលបានសារជាអក្សរមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនពី ប្រធានគណៈរដ្ឋមន្រ្តីលោក Jun Evasco Junior ថាលោក ឌូធើតេ មិនឲ្យខ្ញុំទៅចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីទៀត ឡើយគិតចាប់ពីថ្ងៃទី០៥ ខែធ្នូ តទៅដូច្នេះហើយទើបខ្ញុំសម្រេចចិត្តថានឹងដើរចេញពីគណៈរដ្ឋមន្រ្តីនៅថ្ងៃចន្ទ នេះតែម្តង» ប៉ុន្តែលោកស្រីបានគូសបញ្ជាក់ថាតំណែងជាអនុប្រធានាធិបតី របស់លោកស្រី នឹងមិនអាចឲ្យគេលួចយកទៅណាបានជាដាច់ខាត។
ជាមួយគ្នានេះដែរបើយោងតាមរូបលោកស្រី Robredo ផ្ទាល់អនុប្រធានាធិបតីហ្វីលីពីន មានការមិនចុះសម្រុងគ្នាជាមួយនឹងលោក រ៉ូឌ្រីហ្គោ ឌូធើតេ លើបញ្ហារួមមានការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ, ការចេញច្បាប់កាត់ទោសប្រហារជីវិតឡើងវិញ, កាត់បន្ថយអាយុនៃការទទួលទោសព្រហ្មទណ្ឌ, និងការរំលោភបំពានផ្លូវភេទលើស្រី្តជាដើម។
គួរបញ្ជាក់ដែរថា នៅក្នុងការបោះឆ្នោតជាតិហ្វីលីពីន កាលពីខែឧសភា កន្លងទៅ លោក រ៉ូឌ្រីហ្គោ ឌូធើតេ ដែលបានកាន់តួនាទីជាអភិបាលក្រុងដាវ៉ៅ អស់រយៈពេលជាង២២ឆ្នាំ មកហើយនោះបានទទួលជ័យជម្នះក្លាយជាប្រធានាធិបតីថ្មីជាមួយ និងសន្លឹកឆ្នោតគាំទ្រចំនួន ១៦.៦លានសំឡេង ខណៈគូប្រកួរបស់លោកគឺលោកស្រី Leni Robredo ដែលទទួលបានត្រឹមតែ ១៤.៤លានសំឡេង ត្រូវបានតែងតាំងជាអនុប្រធានាធិបតី ហើយលោកស្រីបានកាន់តួនាទី ជាប្រធានក្រុមប្រឹក្សាសម្របសម្រួលការអភិវឌ្ឍទីក្រុង និងលំនៅឋានកាលពីខែកក្កដា៕