(គុយបា)៖ នៅថ្ងៃអាទិត្យនេះអដ្ឋិធាតុលោក ហ្វីឌែល កាស្រ្តូ ដែលជាអតីតមេដឹកនាំបដិវត្តន៍ដ៏ល្បីល្បាញនៃប្រទេសគុយបា ត្រូវបានគេដង្ហែរយកទៅ ដល់ទីក្រុង Santiago ដើម្បីរៀបចំពិធីបុណ្យសពនិងបញ្ចុះហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦។
ពិធីបុណ្យសពរបស់លោក ហ្វីឌែល កាស្រ្តូ ត្រូវបានប្រារព្ធឡើងដោយប្អូនប្រុសផ្ទាល់ គឺប្រធានាធិបតីគុយបា លោក រ៉ូល កាស្រ្តូ ខណៈអដ្ឋិធាតុរបស់អតីតមេដឹកនាំ ដែលធ្លាប់បានគ្រប់គ្រងប្រទេសគុយបា ស្ទើរតែពាក់កណ្តាលសតវត្សរ៍រូបនេះ ត្រូវបញ្ចុះនៅក្នុងផ្ទាំងថ្មដ៏ធំនាទីលានបញ្ចុះសព Cementerio Santa Ifigenia ។
គួរបញ្ជាក់ថា លោក ហ្វីឌែល កាស្រ្តូ បានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំកាលពីថ្ងៃទី២៥ ខែវិច្ឆិកាកនៅទីក្រុង Havana ហើយពិធីបុណ្យសពនេះ គឺជាការបិទបញ្ចប់នៃការកាន់ទុក្ខនៅទូទាំងប្រទេសដែលមានរយៈពេល០៩ថ្ងៃកន្លងមក និងមិនត្រូវបានផ្សាយតាមកញ្ចក់ទូរទស្សន៍ឡើយ ព្រោះលោក រ៉ូល កាស្រ្តូ ធ្លាប់បានសន្យាថាបុណ្យសពរបស់បងប្រុសលោក នឹងគ្រាន់ត្រឹមជាពិធីលក្ខណៈគ្រួសារដ៏សាមញ្ញមួយតែប៉ុណ្ណោះ៕