(រ៉ូម)៖ យោងតាមសារព័ត៌មានធំៗរបស់បរទេសចេញផ្សាយមុននេះបន្តិច នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi ) នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលី បានប្រកាសលាលែងពីតំណែងហើយ បន្ទាប់ពីលោកបានចាញ់ក្នុងការបោះឆ្នោតប្រជាមតិស្ដីពីវិសោតធនកម្ម រដ្ឋធម្មនុញ្ញ។
សូមជំរាបថា ប្រជាជនអ៊ីតាលីនៅថ្ងៃអាទិត្យ បានបោះឆ្នោតសម្រេច ស្ដីពីប្រជាមតិលើវិសោតធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់ពីជោគវាសនាយោបាយ របស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi) ត្បិតលោកសន្យាថានឹងចុះចេញពីមុខតំណែង បើសិនជាលោកបរាជ័យ។
ជុំវិញការបោះឆ្នោតប្រជាមតិនេះដែរ អ្នកជំនាញទីផ្សារហិរញ្ញវត្ថុ និងអ្នកនយោបាយអឺរ៉ុបកំពុងមានការព្រួយបារម្ភ ដោយខ្លាចក្រែងថា ជ័យជំនះរបស់ក្រុមបក្សប្រឆាំង ដែលជំទាស់នឹងការធ្វើវិសោតធនកម្មរដ្ឋធម្មនុញ្ញនេះអាចនឹង ធ្វើឱ្យមានអស្ថេរនយោបាយ ឬក៏ភាពចលាចលដល់វិស័យធនាគារ ព្រមទំាងជម្រុញឱ្យតំបន់ចាយប្រាក់អឺរ៉ូធា្លក់ ចូលក្នុងវិបត្តិថ្មីមួយ។
ការបោះឆ្នោតប្រជាមតិ បានចាប់ផ្ដើមប្រព្រឹត្តិទៅ នៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងទីក្រុង រ៉ូម) ដោយមានប្រជាជនអ៊ីតាលីប្រមាណជា ៥១លាននាក់ បោះឆ្នោតសម្រេចថា គួរ ឬមិនគួរ ធ្វើវិសោតធនកម្ម រដ្ឋធម្មនុញ្ញតាមសំណើរបស់លោក ម៉ាតេអូ រ៉េនហ្ស៊ី នាយករដ្ឋមន្រ្តីអ៉ីតាលី ដើម្បីកាត់បន្ថយអំណាច និងតួនាទីរបស់ព្រឹទ្ធសភាជាន់ខ្ពស់ និងប្រមូលអំណាចមួយចំនួនពីអាជ្ញាធរនៅក្នុងតំបន់នីមួយៗមកវិញ៕