(ហ្គាណា)៖ អាជ្ញាធរហ្គាណា នៃប្រទេសហ្គាណា ទើបតែបានចុះឆែកឆេរស្ថានទូតអាមេរិកក្លែងក្លាយមួយកន្លែង ដែលស្ថិតនៅ ក្នុងទីក្រុង Accra ខណៈវាត្រូវបានគ្រប់គ្រងដោយបណ្តាញឧក្រិដ្ឋជន និងបានចេញទិដ្ឋាការ (Visa) ក៏ដូចជាលិខិតឆ្លងដែនឲ្យពលរដ្ឋ ហ្គាណា ប្រើប្រាស់ជាធម្មតា អស់រយៈពេល១០ឆ្នាំមកហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក ដែលដកស្រង់ដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦។
ក្រសួងការបរទេសអាមេរិកបានថ្លែងការណ៍បញ្ជាក់ថា «ស្ថានទូតក្លែងក្លាយខាងលើ មិនមែនជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ ប៉ុន្តែផ្ទុយទៅវិញវាត្រូវបាន ដំណើរការដោយបុគ្គលមួយចំនួននៅក្នុងបណ្តាញឧក្រិដ្ឋជននៃប្រទេសហ្គាណា និងតួកគី ព្រមទាំងមេធាវីជនជាតិហ្គាណាម្នាក់ទៀត ដែលមានជំនាញខាងកិច្ចការអន្តោប្រវេសន៍និងច្បាប់ព្រហ្មទណ្ឌ»។
គួរបញ្ជាក់ដែរថា ក្រុមជនជាតិតួកគីដែលចេះនិយាយភាសាអង់គ្លេស និងហូឡង់ បានបន្លំខ្លួនធ្វើជាមន្រ្តីទូតនិងធ្វើប្រតិបត្តិការ នៅក្នុងស្ថានទូតអាមេរិកក្លែងក្លាយ មួយនេះអស់រយៈពេល មួយទសវត្សរ៍ល្មមទំរាំតែត្រូវប៉ូលិសហ្គាណារកឃើញការពិត ហើយការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងនេះ ក៏បានវែកមុខស្ថានទូត ហូឡង់ ក្លែងក្លាយមួយទៀតផងដែរ។
តើករណីនេះយ៉ាងណាដែរ ស្ថានទូតអាមេរិកក្លែងក្លាយមួយ អាចចេញទិដ្ឋាការ Visa ឲ្យប្រជាជនចេញចូលអាមេរិកធម្មតា នេះអាចបង្ហាញថា មានបញ្ហាអ្វីមួយមិនប្រក្រតីនៅក្នុងផ្ទៃក្នុងអន្តោរប្រវេសន៍អាមេរិក៕