(ឥណ្ឌូនេស៊ី)៖ ក្រុមអាជ្ញាធរឥណ្ឌនេស៊ី សហការជាមួយភាគីសិង្ហបុរី បាននិងកំពុងដឹកនាំប្រតិបត្តិការជួយ សង្រ្គោះ និងតាមស្វែងរកយន្តហោះខ្នាតតូច មួយគ្រឿងផ្ទុកមនុស្ស១៥នាក់ ដែលបានដាច់ការទាក់ទងពីប្រព័ន្ធ រ៉ាដា នៅឯប្រជុំកោះ Batam ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ ខណៈគេជឿជាក់ថាយន្ដហោះ នេះបានធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ នេះបើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី ដែលចុះផ្សាយដោយសារ ព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦។
យន្ដហោះប៉ូលីសឥណ្ឌូនេស៊ី ខ្នាតតូច M28 Skytruck បានចាកចេញ ពីខេត្ត Pankal Pinang នៅម៉ោង ១០៖២៤ នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) ហើយគ្រោងនឹងទៅដល់ខេត្ត Batam នៅម៉ោង ១១៖៥៨នាទីព្រឹក ក៏ប៉ុន្តែ ស្រាប់តែដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដា នៅម៉ោង ១១៖២២នាទីព្រឹក ថ្ងៃដដែល។ ដោយឡែកបើតាម សារព័ត៌មានឥណ្ឌូនេស៊ី Detik យន្ដហោះនេះ បានធ្លាក់ចូលទៅក្នុងទឹកសមុទ្រក្នុងដែនឆ្នេរ Kabupaten Lingga នៃកោះ Riau រីឯ ការអះអាងនេះ ក៏ត្រូវបានប្រធានប៉ូលិសកោះ Riau លោក Sambudi Gusdian ទទួលស្គាល់ ផងដែរ ដោយលោកបញ្ជាក់ថា ក្រុមអ្នកនេសាទបានរកឃើញសម្លៀកបំពាក់ វ៉ាលី និងកៅអី ដែលអាចជឿជាក់ បានថាវាជារបស់យន្ដហោះ M28 Skytruck។
សូមជំរាបថា កាលពីសប្ដាហ៍មុន ឧទ្ធម្ភាគចក្រយោធា មួយគ្រឿង ក៏បានធ្លាក់ផងដែរ នៅលើកោះ Borneo ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្ស ៣នាក់៕