(សេអ៊ូល)៖ ប្រជាជនកូរ៉េខាងត្បូង រាប់សែននាក់ នៅថ្ងៃសៅរ៍នេះ នៅតែបន្តនំាគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ា នៅកណ្ដាលទីក្រុង សេអ៊ូល ដើម្បីទាមទារឱ្យលោកស្រីប្រធានាធិបតី ផាក គឺនហេ ចុះចេញពីមុខតំណែង ខណៈ សំណើរ ដំណើរការណ៍នីតិវិធី ដកដំណែងលោកស្រី ដែលត្រូវបានចុះហត្ថលេខា ដោយក្រុមអ្នកតំណាងរាស្ត្រ បក្សប្រឆាំង១៧១នាក់ ត្រូវបញ្ជូនទៅកាន់ សភាជាតិរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
ក្រុមបាតុករបាននាំគ្នាដើរជាក្បួនដង្ហែនៅចំងាយប្រមាណជា ១០០ ម៉ែត្រ ពីវិមានប្រធានាធិបតី ក្នុងគោលបំណង អំពាវនាវ ឱ្យលោកស្រី ផាក ចុះចេញពីតំណែងជាបន្ទាន់ ហើយពួកគេ ថែមទំាង ទាត់ចោលការសូមទោសជា សាធារណៈ ជាលើកទីបីរបស់លោកស្រី ចំពោះរឿងអាស្រូវពុករលួយនយោបាយ ពាក់ព័ន្ធនឹងស្រ្តីឈ្មោះឆយ ស៊ូនស៊ីល ក៏ដូចជា ស្នើឱ្យសភាសម្រេចចិត្ត ថាតើពេលណា ឬធ្វើយ៉ាងដូចម្ដេច ដើម្បីឱ្យលោកស្រីផាកចុះចេញពីកៅអីជាប្រធានាធិបតី កូរ៉ខាងត្បូង។
គួរបញ្ជាក់ថា បើតាមក្រុមអ្នករៀបចំបាតុកម្មតវ៉ា ក្រុមបាតុករ ជាង៥ ០០ ០០០នាក់ បានចូលរួមនៅក្នុងបាតុកម្ម តវ៉ានៅសប្ដាហ៍ទី៦នេះ ប៉ុន្តែបើតាមអាជ្ញាធរប៉ូលិស អ្នកចូលរួមមានតែ ២០០ ០០នាក់ប៉ុណ្ណោះ។ ដោយឡែក ដើម្បីដំណើរការណ៍នីតិវិធីទម្លាក់លោកស្រី ផាក គឺនហេ ពីតំណែង ក្រុមគណបក្សប្រឆាំង ត្រូវការសំឡេង យ៉ាងតិចណាស់ ២០០អសនៈ ក្នុងចំណោមអសនៈសភាសរុប ៣០០៕