(ប្រេស៊ីល)៖ ក្រុមគ្រួសារជនរងគ្រោះនិងពលដ្ឋប្រេស៊ីលនៅក្នុងក្រុង Chapeco ទាំងមូលបានរៀបចំខ្លួនទាំងអារម្មណ៍ក្តុកក្តួលជាទីបំផុត ដើម្បីរង់ចាំទទួលយកសាកសពកីឡាករក្លឹបបាល់ទាត់ Chapecoense ដែលជាអកុសលក្រៃលែង បានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសកូឡុំប៊ី ដែលបានសម្លាប់ជីវិតមនុស្សចំនួន ៧១នាក់ ហើយបានធ្វើក្រុមបាត់ទាត់មួយនេះបាត់បង់កីឡាករទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងក្រុង Chapeco ដែលជាទឹកដីផ្ទាល់របស់ក្លឹបបាល់ទាត់ខាងលើ ដែលបានជួបគ្រោះថ្នាក់នោះ កំពុងរៀបចំពិធីនៅក្នុងពហុកីឡាដ្ឋានរបស់ក្រុម Chapecoense ដើម្បីទទួលសាកសពរបស់កីឡាករ ក៏ដូចជាក្រុមការងាររួម និងអ្នកការសែតរបស់ក្លឹប ដែលពិធីនេះនឹងមានការចូលរួមពីសំណាក់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងអ្នកគាំទ្ររបស់ក្លឹបប្រហែលជា ១២០,០០០នាក់ ស្មើនឹងចំនួនប្រជាជនពាក់កណ្តាល ដែលរស់នៅក្នុងទីក្រុង Chapeco ហើយប្រធាន FIFA លោក Gianni Infantino ក៏បានអញ្ជើញទៅចូលរួមផងដែរ។
អ្នកគាំទ្រវ័យ ២៥ឆ្នាំម្នាក់របស់ក្លឹប Chapecoense បាននិយាយតែរំជួលចិត្តថា «ពួកយើងនៅតែរង់ចាំវីរៈបុរសរបស់ពួកយើង ធ្វើដំណើរយកពានរង្វាន់ត្រឡប់មកវិញ, យើងនៅតែមិនជឿសោះឡើយថា មានរឿងដ៏អាក្រក់នេះបានកើតឡើង ទោះបីជាពួកយើងដឹងក្នុងចិត្តយ៉ាងច្បាស់ថាពួកគេវិលមកវិញបានត្រឹមតែជាសាកសពតែប៉ុណ្ណោះ»។
គួរបញ្ជាក់ដែរថា មជ្ឈូសសាកសពរបស់កីឡាការក្លឹប Chapecoense ត្រូវបានកំណត់ពេលវេលាថានឹងមកដល់ក្រុង Chapeco តាមរយៈយន្តហោះដឹកជញ្ជូនរបស់ទ័ពអាកាសកូឡុំប៊ី នៅម៉ោងប្រហែល ៧៖០០នាទីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងប្រទេសប្រស៊ីល)៕