(កូឡុំប៊ី)៖ មន្រ្តីប៉ូលិសកូឡុំប៊ីមួយរូបបានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ក្លឹប Chapecoense របស់ប្រទេសប្រេស៊ីលម្នាក់ បានសូមអង្វរឲ្យរូបលោកជួយកុំឲ្យគេស្លាប់នៅនឹងកន្លែងកើតហេតុនៃការធ្លាក់យន្តហោះជើងហោះហើរ LaMia Flight 2933 ដែលបានសម្លាប់ជីវិតមនុស្សចំនួន ៧១នាក់ នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ីកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
លោកស្នងការ Nelson Enrique Castrillon ជាម្នាក់នៅក្នុងចំណោមមនុស្សដំបូងគេដែបានទៅដល់កន្លែងកើតហេតុស្ថិតនៅចម្ងាយប្រហែលជា ១៧គីឡូម៉ែត្រពីអាកាសយានដ្ឋានដែលជាគោលដៅចុះចតរបស់យន្តហោះខាងលើ ហើយលោក Castrillon បានរៀបរាប់ថា «ច្រកផ្លូវធ្វើដំណើរទៅកាន់ទីនោះមានភាពលំបាកខ្លាំងព្រោះជាតំបន់រជំរាលភ្នំ ហើយអ្វីបានពួកយើងបានឃើញនៅពេលទៅដល់គឺយន្តហោះបានខ្ទេចវល់ ដោយសាកសពអ្នកដំណើរនៅកៀបជាប់នឹងកៅអីស្រាប់ តែរំពិចនោះខ្ញុំបានលឺសូរសំឡេងស្រែកឲ្យជួយហើយក៏បានសំដៅទៅរកម្ចាស់សំឡេង ក៏បានប្រទះឃើញបុរសម្នាក់ដែលបានខ្ទាតទៅទើលើមែកឈើ ហើយគាត់ក៏បានសុំអង្វរដោយសម្តីគួរឲ្យសង្វែកថាកុំឲ្យខ្ញុំទុកគាត់ចោល, កុំទុកឲ្យគាត់ស្លាប់»។
ក្រោយមកលោក Castrillon ក៏បានហៅក្រុមសង្រ្គោះបន្ទាន់ឲ្យមកជួយជនរងគ្រោះរូបនោះមានឈ្មោះថា Jakson Fallmann ដែលបានបាត់បង់ជើងទាំងគូ និងជាមនុស្សម្នាក់ក្នុងចំណោមអ្នកនៅរស់រានមានជីវិតពីចង្កោមច្ចុរាជទាំង០៦នាក់ ខណៈអ្នកដែលនៅរស់ចំនួនប្រាំនាក់ផ្សេងទៀតរួមមានពីរនាក់ជាកីឡាករក្លឹប Chapecoense ដូចលោក Jakson ដែរ រីឯម្នាក់ជាអ្នកសារព័ត៌មាន និងពីរនាក់ជាអ្នកបម្រើលើយន្តហោះ។
គួរបញ្ជាក់ដែរថា នៅវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅប្រទេសកូឡុំប៊ី) យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ នៃក្លឹប Chapecoense របស់ប្រេស៊ីលតាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅកាន់ប្រទេសកូឡុំប៊ី បានធ្លាក់នៅតំបន់ភ្នំក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារមូលហេតុអស់ប្រេងសាំងហើយនៅលើយន្តហោះមានផ្ទុកមនុស្សសរុបទាំងអស់ចំនួន ៧៧នាក់ (សហសេវិក០៩នាក់ និងអ្នកដំណើរ ៦៨នាក់)៕