(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់បានបញ្ចេញប្រតិកម្មចំពោះ ការបោះឆ្នោតសម្រេចរបស់សភាអាមេរិកសំដៅបន្ថែមរយៈពេល ១០ឆ្នាំទៀតទៅលើច្បាប់ស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសអ៊ីរ៉ង់ឬហៅកាត់ថា (ISA) ដោយថាទង្វើនេះបានរំលោភបំពាននូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ជាមួយនឹងមហាអំណាចពិភពលោកទាំង០៦ រួមមាន អាមេរិក រុស្ស៊ី ចិន បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ លើការគ្រប់គ្រងសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ហើយថែមទាំងបានព្រមានថានឹងធ្វើការសងសឹកតបតទៅវិញទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi បានថ្លែងនៅចំពោះមុខបណ្តាអ្នកសារព័ត៌មានថា «ការបន្ថែមរយៈពេលនៃដាក់ទណ្ឌកម្មដោយសភារបស់អាមេរិក គឺជាការរំលោភបំពានលើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ទាំងស្រុង ហើយយើងនឹងរាយការណ៍ពីបញ្ហានេះទៅកាន់គណៈកម្មាការអ៊ីរ៉ង់ដែលទទួលបន្ទុកពិនិត្យតាមដានការអនុវត្តន៍នូវកិច្ចព្រមព្រៀងនេះ»។
ជុំវិញបញ្ហានេះដែរកាលពីខែវិច្ឆិកាកន្លងទៅ ប្រមុខដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei ក៏ធ្លាក់បានបញ្ជាក់ម្តងរួចមកហើយដែរថា ការបន្ថែមរយៈពេលណាមួយទៅលើការដាក់ទណ្ឌកម្ម នឹងចាត់ទុកថាជាការបំពាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយលោកបានព្រមមានថានឹងធ្វើការសងសឹកតបតទៅវិញជាក់ជាមិនខាន។
សម្រាប់លោក Bahram Ghasemi បានបញ្ជាក់ដូច្នេះទៀតថា «ប្រទេសអ៊ីរ៉ង់បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុះមុតចំពោះកិច្ចព្រមព្រៀងអន្តរជាតិរបស់ខ្លួន ប៉ុន្តែពួកយើងក៏បានរៀបចំលក្ខណៈរួចជាស្រេចផងដែរសម្រាប់ទប់ទល់នឹងកាលៈទេសៈមិនប្រក្រតីណាមួយ ដែលអាចកើតមានឡើង ហើយយើងត្រៀមខ្លួនជានិច្ចដើម្បីការពារសិទ្ធិសេរីរបស់ប្រជាជាតិអ៊ីរ៉ង់ នៅក្រោមស្ថានការណ៍គ្រប់បែបយ៉ាង»។
គួរបញ្ជាក់ថាច្បាប់ ISA ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៩៦ ដើម្បីជាការពិន័យទៅលើការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មថាមពលរបស់អ៊ីរ៉ង់ និងជារនាំងមិនឲ្យប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះ អាចលទ្ធិភាពធ្វើការអភិវឌ្ឍអាវុធប្រល័យលោកបាននោះ នឹងត្រូវផុតសុពលភាពនាថ្ងៃទី៣១ ខែធ្នូឆាប់ៗខាងមុខនេះ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះសមាជិកសភាអាមេរិក បានធ្វើការបោះឆ្នោតជាឯកច្ឆ័ន្នដើម្បីបន្ថែមពេលវេលាចំនួន ១០ឆ្នាំទៀត ទៅលើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលអាមេរិកបានឆ្លើយតបថា វានឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេហេរ៉ង់ និងមហាអំណាចធំៗទាំង ០៦នោះឡើយ ខណៈប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ត្រូវគេរំពឹងថានឹងយល់ព្រមអនុម័តសេចក្តីព្រាងច្បាប់ថ្មីនេះមុនលោកផុតអាណត្តិ៕