(សេអ៊ូល)៖ អ្នកជំនាញកូរ៉េខាងត្បូងមួយរូបបាននិយាយថា ការដែលកូរ៉េខាងជើងខិតខំប្រឹងប្រែងអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរបែបនេះ គឺដើម្បីដោយសារតែចង់ស្វែងរកការបង្រួបបង្រួមគ្នាមួយដោយសន្តិភាពជាមួយនឹងប្រទេសកូរ៉េខាងត្បូង ទៅតាមវិធីសាស្រ្តរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងវេទិកាពិភាក្សាមួយដែលបានប្រារព្ធឡើងក្នុងរដ្ឋធានីសេអ៊ូលលោក Lee Choon-kun សាស្រ្តាចារ្យមកពីវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តដែនសមុទ្របានលើកឡើងថា «ដោយប្រើប្រាស់យុទ្ធសាស្រ្តនៃការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង បានសំដៅព្យាយាមសម្រេចឲ្យបាននូវការរួបរួមជាមួយនឹងកូរ៉េខាងត្បូង ដោយធ្វើការរារាំងសហរដ្ឋអាមេរិកមិនឲ្យចូលមកពាក់ព័ន្ធ និងដោយមិនមានការផ្ទុះសង្រ្គាមជាមួយនឹងរដ្ឋាភិបាលទីក្រុងសេអ៊ូល»។
លោក Lee បានបន្ថែមថាទោះបីជារដ្ឋាភិបាលទីក្រុងព្យុងយ៉ាង កំពុងតែអភិវឌ្ឍន៍មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានសមត្ថភាពបាញ់ទៅដល់ទឹកដីរបស់សហរដ្ឋអាមេរិក ដើម្បីបង្ការការជ្រៀតជ្រែកណាមួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចូលមកក្នុងបញ្ហានៅឧបទ្វីបកូរ៉េយ៉ាងណាក្តីក៏ធាតុពិតគឺអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលកំពុងត្រូវបានអភិវឌ្ឍន៍ឡើងនោះ មិនមែនក្នុងគោលបំណងសម្រាប់បើកការវាយប្រហារណាមួយទៅលើសហរដ្ឋអាមេរិកដោយផ្ទាល់ឡើយ។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរលើកទីបួន និងទីប្រាំកាលពីខែមករា និងកញ្ញាកន្លងទៅ ហើយថែមទាំងបានធ្វើតេស្តបាញ់មីស៊ីលផ្លោងជាង ២០គ្រាប់ នៅក្នុងឆ្នាំ២០១៦នេះ ទើបនាពេលថ្មីៗនេះក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រួមជាមួយជប៉ុន និងកូរ៉េខាងត្បូង បានសម្រេចដាក់ទណ្ឌកម្មថ្មីរៀងៗខ្លួនបន្ថែមទៅលើរបបដឹកនាំដ៏រឹងទទឹងមួយនេះ ទោះបីជារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែការពារប្រទេស
ដ៏ឯកោនេះពីសត្រូវឈ្លានពានតែប៉ុណ្ណោះ៕