(មេឌែលលីន)៖ អ្នកបម្រើលើយន្តហោះមួយរូបមានឈោះថា Erwin Tumiri ដែលជាអ្នកនៅរស់រានមានជីវិតដ៏មហាសំណាងបំផុត ក្រោយការធ្លាក់យន្តហោះដឹកក្រុមកីឡាករប្រេស៊ីលនៅកូឡុំប៊ី នោះត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ទៅសម្រាកព្យាបាលបន្តនៅផ្ទះហើយនាថ្ងៃសៅរ៍ នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
អ្នកបម្រើលើយន្តហោះវ័យ ២៥ឆ្នាំខាងលើនេះ បានសម្រាកព្យាបាលរបួសនៅក្នុងគ្លីនិក Somer ក្នុងតំបន់ Rionegro ក្បែរទីក្រុងមេឌែលលីន ហើយទោះបីជាលោកត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ នៅប្រទេសបូលីវាវិញក៏ដោយ ក៏លោកនៅតែជិះនៅលើរទេះរុញ ជាមួយនឹងប៉ុងរុំកដដែល ព្រោះអការៈរបួសរបស់លោកនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ។
ទោះបីជាបែបនេះក្តី Tumiri បានប្រាប់អ្នកសារព័ត៌មាននានាដែល បានចោមរោមរូបលោកនៅមន្ទីរពេទ្យខាងលើនេះថា «សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំរៀបចំរួចរាល់ដើម្បីត្រឡប់ទៅប្រទេសបូលីវាវិញហើយ»។ មុននឹងលោកចាកចេញលោកបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមសង្គ្រោះបន្ទាន់ ប៉ូលិស និងគ្រប់គ្នាដែលបានព្យាយាមជួយលោក។ «ខ្ញុំសូមអរគុណគ្រប់គ្នាអស់ពីបេះដូង។ ខ្ញុំមិនដែលមានចម្ងល់នោះឡើយចំពោះប្រជាជនកូឡុំប៊ី ដែលប្រៀបបីដូចជាគ្រួសាររបស់ខ្ញុំ»។ នេះបើតាមការលើកឡើងទាំងក្តីរំភើបក្តុកក្តួលរបស់ Tumiri។ ដោយឡែកមិត្តរួមការងាររបស់លោកម្នាក់ទៀតគឺ Ximena Suarez ក៏នៅរស់រាន្តផងដែរ ប៉ុន្តែមិនទាន់អាចចេញពីមន្ទីរពេទ្យបានទេ៕