(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថាទំនាក់ទំនងនានារបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក «នឹងមិនត្រូវបានលូកលាន់ ឬក៏បំផ្លាញ» នោះឡើយបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់អាមេរិក និងលោកស្រីត្សៃ អ៊ីងវិន ប្រធានាធិបតីកោះតៃវ៉ាន់ ធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
ការថ្លែងធ្ងន់ៗខាងលើនេះ បានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ដែលជាការឆ្លើយតបភ្លាមៗទៅនឹងដំណឹងនៃការពិភាក្សាគ្នារវាងលោក ត្រាំ និងលោកស្រី ត្សៃ ដែលបានលើកយកបញ្ហាសន្តិសុខ និងវិស័យការពារជាតិដ៏រសើបមកពិភាក្សាគ្នា ខណៈកោះតៃវ៉ាន់ត្រូវបានពិភពលោកទទួលស្គាល់យ៉ាងស្របច្បាប់ថាគ្រាន់តែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ។
លោក វ៉ាង នៅបានលើកដូច្នេះទៀតថា «កិច្ចសន្ទនាតាមទូរស័ព្ទខាងលើនេះ មិនអាចកែប្រែអ្វីចំពោះនយោបាយចិនតែមួយនោះឡើយ»។ គួរបញ្ជាក់ថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបំបែកនយោបាយការបរទេសរបស់អាមេរិក រាប់ទសវត្សរ៍មកនេះដោយបានងាកមកធ្វើការពិភាក្សាយ៉ាងបើកចំហរជាមួយនឹងលោកស្រី ត្សៃ អ៊ីងវិន ប្រធានាធិបតីរបស់កោះតៃវ៉ាន់ ហើយដែលប្រការនេះនឹងក្លាយជាហានិភ័យខ្ពស់ដែលអាចបង្កើតជាបញ្ហាដ៏អាក្រក់ជាមួយនឹងទីក្រុងប៉េកាំង។
ដោយឡែកសម្រាប់រដ្ឋាភិបាលលោកស្រី ត្សៃ វិញបានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹកទំនាក់ទំនងរវាងភាគីទាំងពីរ សហរដ្ឋអាមេរិក-កោះតៃវ៉ាន់ ហើយស្រី ត្សៃ និងលោក ត្រាំ ក៏បានដោះដូរមតិយោបល់គ្នាយ៉ាងច្រើនផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺភាគីទាំងពីរបានបង្ហាញចេតនាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងស្រុក និងវិស័យការពារជាតិថែមទៀត ដែលនឹងនាំឲ្យប្រជាជនទាំងអស់រីករាយនឹងការរស់នៅប្រកបដោយសន្តិសុខ៕