(បាដាដ)៖ កាលពីខែវិច្ឆិកាកន្លងទៅនេះ កងកម្លាំងអ៊ីរ៉ាក់ជិត ២,០០០នាក់បានពលីជីវិត ខណៈពេលដែលពួកគេបានព្យាយាមវាយកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ISIS ដ៏សាហាវឃោរឃៅចេញពីទឹកដីនៃប្រទេសអ៊ីរ៉ាក់ ដែលចំនួននេះវាបានកើនឡើងស្ទើរតែបីដង បើធៀបនឹងចំនួនកងទ័ពដែលស្លាប់កាលពីខែតុលា នៅពេលដែលប្រតិបត្តិការយោធាដើម្បីវាយរំដោះយកទីក្រុង ម៉ូស៊ុល ចេញពីកណ្តាប់ដៃ ISIS បានចាប់ផ្តើម។ នេះបើតាមស្ថិតិរបស់អង្គការសហប្រជាជាតិ ដែលដកស្រង់និងចេញផ្សាយដោយ CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
កងកម្លាំងចំរុះដែលដឹកនាំដោយប្រទេសអ៊ីរ៉ាក់បានរុលទៅមុខដោយសន្សឹមៗ ក្រោយពេលដែលកងកម្លាំងការពារសន្តិសុខអ៊ីរ៉ាក់ បានវាយចូលដល់ខាងក្នុងទីក្រុងម៉ូស៊ុល កាលពីខែមុននេះ ដែលជាតំបន់ពោរពេញទៅដោយប្រជាជនរស់នៅ និងបានបណ្តាលឲ្យកងទ័ពបង្ខំចិត្តធ្វើការប្រយុទ្ធទល់មុខគ្នាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលបានចាក់ឬសយ៉ាងរឹងមាំនៅទីនោះ ហើយវាមិនអាចជៀសផុតឡើយដែលពលរដ្ឋស្លូតត្រង់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាណាមួយនោះ។
គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់ UN នៅថ្ងៃសុក្រម្សិលមិញ ប្រជាជនស៊ីវិលជាង៩០០នាក់បានស្លាប់បាត់ជីវិត និងចំនួន ៩៣០នាក់បន្ថែមទៀតបានទទួលរងរបួសនៅក្នុងខែវិច្ឆិកាដោយសារតែអំពើភេរវកម្ម, អំពើហិង្សា, និងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេសអ៊ីរ៉ាក់ទាំងមូល ហើយប្រជាជនប្រមាណជា ៧៦,០០០នាក់ផ្សេងទៀតត្រូវបានបង្ខំចិត្តឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នានៅក្នុងទីក្រុង ម៉ូស៊ុល ខណៈអ្នកដែលបន្តរស់នៅទីនោះចំនួនកន្លះលាននាក់ កំពុងគ្មានទឹកស្អាតសម្រាប់ប្រើប្រាស់៕