(ញូយ៉ក)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបំបែកនយោបាយការបរទេសរបស់អាមេរិក រាប់ទសវត្សរ៍មកនេះ ដោយបានងាកមកធ្វើការពិភាក្សាយ៉ាងបើកចំហរជាមួយនឹងលោកស្រី ត្សៃ អ៊ីងវិន ប្រធានាធិបតីរបស់កោះតៃវ៉ាន់ ហើយដែលប្រការនេះនឹងក្លាយជាហានិភ័យខ្ពស់ដែលអាចបង្កើតជាបញ្ហាដ៏អាក្រក់ជាមួយនឹងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយChannel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។
មន្ត្រីការិយាល័យលោក ដូណាល់ ត្រាំ បានបញ្ជាក់ក្រោយពីអនាគតប្រធានាធិបតីអាមេរិកផ្លូវការរូបនេះធ្វើការពិភាក្សាតាមទូរស័ព្ទដោយផ្ទាល់ជាមួយនឹងលោកស្រី ត្សៃ ប្រធានាធិបតីស្ត្រីដំបូងនៃកោះតៃវ៉ាន់យ៉ាងដូច្នេះថា «នៅអំឡុងកិច្ចពិភាក្សាគ្នា មេដឹកនាំទាំងពីរបានកត់សម្គាល់អំពីការកសាងទំនាក់ទំនងជិតស្និទ្ធ ទាំងផ្នែកសេដ្ឋកិច្ច, នយោបាយ, និងរួមទាំងផ្នែកសន្តិសុខ។ លោក ដូណាល់ ត្រាំ ក៏បានអបអរសាទរចំពោះលោកស្រី ត្សៃ ដែលបានក្លាយជាមេដឹកនាំកោះតៃវ៉ាន់ ក្រោយការឈ្នះឆ្នោតកាលពីដើមឆ្នាំផងដែរ»។
ដោយឡែកសម្រាប់រដ្ឋាភិបាលលោកស្រី ត្សៃ វិញបានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹកទំនាក់ទំនងរវាងភាគីទាំងពីរ សហរដ្ឋអាមេរិក-កោះតៃវ៉ាន់ ហើយស្រី ត្សៃ និងលោក ត្រាំ ក៏បានដោះដូរមតិយោបល់គ្នាយ៉ាងច្រើនផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺភាគីទាំងពីរបានបង្ហាញចេតនាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចក្នុងស្រុក និងវិស័យការពារជាតិថែមទៀត ដែលនឹងនាំឲ្យប្រជាជនទាំងអស់រីករាយនឹងការរស់នៅប្រកបដោយសន្តិសុខ។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះគេនៅពុំទាន់ឃើញមានប្រតិកម្មតបណាមួយពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលតាមផ្លូវច្បាប់គឺចាត់ទុកថាកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ចិននោះឡើយ។ ជាការពិតណាស់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ ក៏ធ្លាប់ទទួលបានការស្តីបន្ទោសពីទីក្រុងប៉េកាំងផងដែរ ចំពោះការលូកមាត់លូកករឿងទីក្រុងហុងកុង។ ដោយឡែកចំពោះលោក ត្រាំ វិញគឺមិនពេញចិត្តនឹងប្រទេសចិនតាំងតែពីអំឡុងការឃោសនារកសំឡេងឆ្នោតមកម្ល៉េះ ដោយលោកបានចោទថាពាណិជ្ជកម្មមិនស្មោះត្រង់របស់ចិនជាមួយអាមេរិកបានធ្វើឲ្យអាមេរិកខាតបង់រាប់រយលានដុល្លារជារៀងរាល់ឆ្នាំ៕