(ម៉ានីល)៖ នៅក្នុងឱកាសជួបសំណេះសំណាលគ្នាតាមរយៈទូរស័ព្ទ អនាគតប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិកអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការអញ្ជើញ ប្រធានធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ ឲ្យទៅធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឯសេតវិមាន នាឆ្នាំ២០១៧ខាងមុខនេះ ខណៈលោក ត្រាំ នឹងត្រូវចូលស្បថកាន់ តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករាឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីហ្វីលីពីន លោក Christopher Go កិច្ចសន្ទនាដ៏រួសរាយរាក់ទាក់តាមប្រព័ន្ធទូរស័ព្ទខាងលើមានរយៈពេល ចំនួន០៧នាទី ហើយលោក រ៉ូឌ្រីហ្គោ ឌូធើតេ ក៏បានឆ្លៀតឱកាសធ្វើការអញ្ជើញលោក ដូណាល់ ត្រាំ ឲ្យមកបំពេញទស្សនកិច្ចនៅក្នុងប្រទេស របស់លោកវិញផងដែរ នៅពេលដែលហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះនៃការបើកកិច្ច ប្រជុំកំពូលអាស៊ាននាឆ្នាំក្រោយ។
គួរបញ្ជាក់ដែរថា អ្នកវិភាគនយោបាយជាច្រើនរូបបានយល់ឃើញថាលោក ឌូធើតេ និងលោក ត្រាំ គឺជាមនុស្សដែលមានគំនិត និងទស្សនៈថ្មីៗដូចគ្នា ហើយលោកទាំង ពីរប្រហែលជានឹងអាចត្រូវរូវគ្ នាជាជាងជាមួយ នឹងប្រធានាធិបតីជិតផុតអណត្តិលោក បារ៉ាក់ អូបាម៉ា ខណៈការចូលស្បថកាន់តំណែង ជាមេដឹកនាំប្រទេសមហាអំណាច ពិភពលោករបស់លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាការបើកទំព័រថ្មី នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ហើយលើសពីនេះទៀតលោក ឌូធើតេ ក៏ធ្លាប់ត្រូវបានគេហៅថា «ត្រាំ នៅភាគខាងកើត» ផងដែរ។
ទោះបីយ៉ាងណាលោក ដូណាល់ ត្រាំ ដែលត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ប្រមាថថាជាជនផ្តាច់ការ នឹងចូលទៅកាន់ដំណែងប្រធានាធិបតីជាផ្លូវការ នៅដើមឆ្នាំ២០១៧ខាងមុខនេះ៕