(កាប៊ុល)៖ ពួកឧទ្ទាមតាលីបង់បានបាត់បង់អ្នកជំនាញកំពូលៗរបស់ខ្លួន ដែលមានឯកទេសយ៉ាងស្ទាត់ជំនាញខាងផលិតគ្រាប់បែក ក្រោយពេលដែលកងកម្លាំងយោធាអាហ្វហ្គានីស្ថាន បានចូលលុកលុយមូលដ្ឋានលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធមួយនេះនៅខេត្ត Helmand ភាគខាងត្បូងប្រទេស។ នេះបើតាមសេចក្តីរាយការណ៍ពីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងខាងលើ អ្នកជំនាញផ្នែកខាងបង្កើតគ្រឿងផ្ទុះ (IED) និងគ្រាប់មីនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ០៥នាក់ ដោយរួមមានទាំងមេបញ្ជាការរបស់ពួកគេមួយរូបឈ្មោះ Aktar Mohammad ផងដែរនោះបានស្លាប់បាត់បង់ជីវិត នៅក្រោយប្រតិបត្តិការយោធា ដែលបានធ្វើឡើងនៅជុំវិញស្រុក Nad Ali ខេត្ត Helmand ហើយគ្រាប់បែកកែច្នៃ IED សរុប ៥០គ្រាប់ និងសារធាតុសម្រាប់ផលិតគ្រាប់បែកចំនួនប្រាំបាវទៀត ក៏ត្រូវបានរកឃើញ និងដកហូតយកមករក្សាទុកដោយកងទ័ពអាហ្វហ្គានីស្ថានផងដែរ។
គួរបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធតាលីបង់ និងពួកឧទ្ទាមដទៃទៀតបាននិងកំពុងប្រើប្រាស់គ្រាប់បែកកែច្នៃ IED ដើម្បីធ្វើការវាយប្រហារទៅលើកងកម្លាំងការពារសន្តិសុខ របស់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះអាវុធដ៏មានគ្រោះថ្នាក់នេះ បានបណ្តាលឲ្យប្រជាជនស៊ីវិលស្លូតត្រង់ទទួលរងរបួស និងបាត់ជីវិតថែមទៀតផង៕