(ប៉េកាំង)៖ បន្ទាប់ពីរយៈពេល ២១ឆ្នាំក្រោយការកាត់ទោសបុរសវ័យក្មេងម្នាក់ ប្រហារជីវិតក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនៃការចាប់ជំរិត និងសម្លាប់មនុស្សនោះ តុលាការកំពូលចិនបានសម្រេចក្តីទៅលើករណីខាងលើនេះសាជាថ្មី និងបានរកឃើញថាបុរសវ័យក្មេងរូបនោះគ្មានកំហុសទេ ដែលប្រការនេះកំពុងបង្កឲ្យក្រុមគ្រួសារជនល្មើសដែលត្រូវគេយល់ច្រឡំរូបនោះ មានការឈឺចាប់រឹតតែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។
នៅថ្ងៃសុក្រនេះ តុលាការបានសម្រេចកាត់ក្តីរឿងរ៉ាវរបស់លោក Nie Shubin ឡើងវិញ ហើយទីបំផុតក៏បានរកឃើញថា លោកពិតជាគ្មានកំហុសដូចការចោទប្រកាន់នោះឡើយ។ តុលាការបានទទួលការសារភាពកំហុសពីបុរសម្នាក់ទៀតឈ្មោះ Wang Shujin ថាខ្លួនជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋដែលគេចោទទៅលើលោក Shubin ប៉ុន្តែវាយឺតពេលទៅហើយព្រោះការសារភាពនេះ គឺបានកើតឡើងក្រោយពេល១០ឆ្នាំនៃការកាត់ទោសប្រហារជីវិតទៅលើលោក Shubin។
តាមរបាយការណ៍ពីសារព័ត៌មានស៊ិនហួរ តុលាការបានសម្រេចផ្លាស់ប្តូរការសម្រេចពីមុន ដោយបានកាត់ក្តីឡើងវិញថា Nie Shubin គ្មានទោសកំហុសដូចការចោទប្រកាន់នោះឡើយ។ ម្តាយរបស់ Shubin គឺលោកស្រី Zhang Huanzhi ធ្លាប់បានប្រាប់ CNN កាលពីខែមិថុនាថា លោកស្រីពិតជារីករាយណាស់ដែលតុលាការសម្រេចសើរើរឿងក្តីនេះមកកាត់ឡើងវិញ។ លោកស្រី Zhang បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅផ្នូររបស់កូនប្រុសខ្ញុំឆាប់ៗនេះ ដើម្បីប្រាប់គេថាអ្វីដែលម្តាយបានព្យាយាមជាយូរឆ្នាំណាស់មកហើយនោះកំពុងសម្រេចចេញជាផ្លែផ្កាហើយ»។
គួរបញ្ជាក់ថា បន្ទាប់ពីការកាត់ក្តីនៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះតុលាការបាននិយាយថា ក្រុមគ្រួសាររបស់លោក Nie អាចស្នើសុំសំណងពីរដ្ឋាភិបាលបាន។ ទោះបីជាបែបនេះក្តី គ្រួសារដ៏ក្រីក្រខាងលើនេះ មិនទាន់មានការបញ្ជាក់ថានឹងទាមទារសំណងឬក៏អត់នោះឡើយពីរដ្ឋាភិបាលប៉េកាំង៕