(អាមេរិក)៖ គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏សាហាវព្រៃផ្សៃ ដែលបានរីករាលដាលនៅពាសពេញរដ្ឋ Tennessee បានឆក់យកជីវិតមនុស្សអស់ ១១នាក់ហើយមកដល់ថ្ងៃសុក្រនេះ ដែលវាគឺជាចំនួននៃការបាត់បង់ជីវិតនៃពលរដ្ឋអាមេរិក ពីភ្លើងឆេះព្រៃច្រើនជាងគេបំផុតនៅក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នប្រចាំតំបន់កើតហេតុក៏បានឲ្យដឹងថា មនុស្សចំនួន ១១នាក់បានស្លាប់ និង៤៥នាក់ផ្សេងទៀតបានទទួលរងរបួស ខណៈអគារជាង ៧០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ហើយជាងនេះទៅទៀតប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជា ១៤,០០០នាក់ត្រូវបានជម្លៀសខ្លួន ទៅកាន់ទីសុវត្ថិភាពផងដែរ។
ដោយឡែកអ្នកដែលបាត់បង់ជីវិត ពុំទាន់ត្រូវគេកំណត់អត្តសញ្ញាណបាននៅឡើយនោះទេដោយសារតែសាកសពពួកគេបានឆេះដោយអគ្គិភ័យមើលលែងយល់ទៅហើយ ប៉ុន្តែអាជ្ញាធររដ្ឋ Tennessee ជឿជាក់ថាជនរងគ្រោះទាំង ១១នាក់គឺជាប្រជាជនស៊ីវិល។
គួរបញ្ជាក់ថា បើយោងការក្រុមជំនាញ មហន្តរាយភ្លើងឆេះព្រៃដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅលើផ្ទៃដីសរុបដល់ទៅ ៦,៨៨០ហិកតាក្នុងរដ្ឋ Tennessee ភាគអាគ្នេយ៍សហរដ្ឋអាមេរិកនេះ បានបង្កឡើងដោយសកម្មភាពរបស់មនុស្ស ហើយវាកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងល្អិតល្អន់៕