(មូស្គូ)៖ ប្រទេសរុស្ស៊ីនាពេលថ្មីនេះបានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅកាន់តំបន់អាស៊ីខាងកើត​ដែល​រួមមានប្រទេស ចិន ម៉ុងហ្គោលី តៃវ៉ាន់ កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន គឺមិនមែន​ដោយសារតែ​រដ្ឋាភិបាលទីក្រុងមូស្គូ​បច្ចុប្បន្នកំពុងតែ​ពាក់មុខយក្ស ដាក់សហភាពអ៊ឺរ៉ុប​នោះឡើយ ក៏ប៉ុន្តែគឺដោយសារតែ​ផលប្រយោជន៍ជាតិ។ នេះបើតាមសម្តី​របស់មេដឹកនាំកំពូល​នៃប្រទេសរុស្ស៊ី ដែលដកស្រង់ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងការថ្លែងសារប្រចាំឆ្នាំលោក​ វ៉្លាឌីមៀ ពូទីន បានបដិសេធចោលនូវមូលហេតុផ្សេងៗដែលមិនសម​នៅក្រោយការសម្រេចចិត្តផ្លាស់ប្តូរនេះ ហើយលោកប្រធានាធិបតីរុស្ស៊ីបាន​លើកឡើងថាគោលនយោបាយ​​សព្វ​ថ្ងៃត្រូវបានកំណត់​​លើផលប្រយោជន៍​​នៃប្រទេសជាតិ និងទំនោរ​របស់ពិភពលោក។

គួរបញ្ជាក់ថា លោក វ៉ា្លឌីមៀ ពូទីន ធ្វើការកោតសរសើរមិនដាច់ពីមាត់ចំពោះភាពជាដៃគូទំនាក់ទំនង​រវាងរុស្ស៊ី និងចិន ជាកត្តាដ៏សំខាន់មួយដើម្បីធានាឲ្យបាននូវស្ថិរភាពនៅក្នុងតំបន់ក៏ដូចជាទូទាំង​សកលលោក ដែលកំពុងស្ថិតក្រោយស្ថានការណ៍លំបាកហើយលោក ពូទីន បានចាត់ទុកថាទំនាក់ទំនង​ដ៏ប្រសើររវាងប្រទេសទាំងពីរ គឺជាគំរូដ៏ល្អមួយដែលបង្ហាញពីការទទួលបានផល
ប្រយោជន៍​ទាំង​សងខាង។

បន្ថែមពីនេះរដ្ឋាភិបាលទីក្រុងមូស្គូ ក៏មានគោលបំណងចង់បង្កើនកិច្ចសហការជាមួយនឹងប្រទេសឥណ្ឌា ហើយនិងសង្ឃឹមថាអាច ពង្រឹងចំណងទាក់ទងជាមួយប្រទេសជប៉ុនបានផងដែរ។ ដោយឡែក​នៅពេល​ដែលធ្វើការអត្ថាធិប្បាយទៅលើអនាគតនៃទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាលថ្មីនៃសហរដ្ឋអាមេរិក លោកប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ជាថ្មីម្តងទៀត ពីការត្រៀមខ្លួនជា​ស្រេចរបស់ទីក្រុង​មូស្គូក្នុងការស្តារ​ចំណងមិត្តភាពជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ត្បិតប្រទេសមហាអំណាចទាំងពីរមានភារៈកិច្ចដូចគ្នា ដើម្បីធានាពីសន្តិសុខរួម និងស្ថិរភាពអន្តរជាតិ៕