(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងធានាចំពោះមុខពលរដ្ឋថៃទាំងអស់ថា ព្រះបាទ មហា វ៉ាចរ៉ាឡុងកន ដែលបានទទួលយកការយាងគ្រងរាជ្យធ្វើជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រថៃជាផ្លូវការកាលពីយប់ម្សិលមិញនេះ នឹងនៅតែបន្តកេរ្តិ៍តំណែលដែលបន្សល់ទុកដោយព្រះបិតាទ្រង់គឺអតីតព្រះរាជា ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្រ្តីថៃបានថ្លែងតាមរយៈកញ្ចកទូរទស្សន៍ថា «ទោះបីជាអតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលជាកម្លាំងស្នូលនៃដែនដីដ៏សុខសាន្តនេះ មិនអាចមានព្រះវត្តមាននៅលើលោកនេះដើម្បីការពារពួកយើងទៀតក្តី ក៏ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះរាជាបច្ចុប្បន្ន ព្រះបាទ មហា វ៉ាចរ៉ាឡុងកន នឹងបន្តរក្សានូវការដឹកនាំ និងកេរ្តិ៍តំណែលរបស់បិតាព្រះអង្គជានិច្ច»។
គួរបញ្ជាក់ថានៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ព្រះរាជទាយាទ មហា វ៉ាចរ៉ាឡុងកន បានយល់ព្រមទទួលយកជាផ្លូវការហើយនូវការយាងឱ្យឡើងគ្រងរាជ្យរបស់របស់ប្រធានរដ្ឋសភាជាតិថៃ ដែលនេះមានន័យថាទ្រង់បានក្លាយជាព្រះមហាក្សត្រថៃនៃរាជវង្សរាមាទី១០ និងត្រូវបានពលរដ្ឋថៃស្គាល់ជាទូទៅថាជា ស្តេចរាមាទី១០នៃសម័យកាលចក្រីដែលមានចំណាស់ជាង២០០ឆ្នាំ មកហើយនេះ។ ដោយឡែកពិធីរៀបអភិសេកនៃការឡើងសោយរាជ្យសម្បត្តិជាផ្លូវការរបស់ទ្រង់ ពុំទាន់អាចប្រព្រឹត្តទៅបាននៅឡើយទេ ដោយត្រូវរង់ចាំព្រះរាជពិធីបូជាព្រះសពរបស់ព្រះបិតាទ្រង់ ដែលគេរំពឹងថានឹងធ្វើឡើងនាឆ្នាំក្រោយសិន៕