(CNN)៖ រថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាពត្រជាក់ក្រោម សូន្យអង្សាទៅកាន់តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់នៃតំបន់អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។
ទ័ពម៉ារីនរបស់អាមេរិកប្រមាណជា៣០០នាក់ កំពុងបោះមូលដ្ឋាននៅក្នុងប្រទេស ណ័រវេ ដែលនេះជាផ្នែកមួយនៃវិធានការណ៍ក្នុងគោលដៅធានារក្សាសុវត្ថិភាព ដល់ប្រទេសណ័រវេ ដែលជាសមាជិកមួយរបស់អង្គការណាតូ ដែលមានដែនដីស្ថិតនៅចុងបំផុតនៃទ្វីបអឺរ៉ុប។ បើទោះបីជាទីតាំងនៃមូលដ្ឋាននេះស្ថិតនៅចម្ងាយ ប្រមាណ១០០០គីឡូម៉ែត ពីបន្ទាត់ព្រំដែន ប៉ុន្តែនេះជាគម្រោងមួយក្នុងគោលដៅជម្រុញការត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាម។
* ការប្រមូលផ្តុំកម្លាំងការពារជាតិ
មុនឈានដល់ការដាក់ពង្រាយយោធានេះ សហរដ្ឋអាមេរិក និងណ័រវេ ក៏ធ្លាប់បានធ្វើសមយុទ្ធយោធារួមគ្នាផងដែរ នៅតំបន់អាក់ទិក ក្បែរបន្ទាត់ព្រំដែនរុស្ស៊ី ដោយបានបញ្ជូនរថយន្តពាសដែក ទៅកាន់តំបន់អាក់ទិកភាគខាងជើង ជាទីតាំងដ៏ឆ្ងាយមួយ ដែលពួកគេមិនធ្លាប់ទៅដល់ពីមុន ដែលនេះជាផ្នែកមួយនៃការធ្វើសមយុទ្ធរួមគ្នាដែលមានរយៈពេលមួយសប្តាហ៍។
ការដាក់ពង្រាយនេះ យោធាទាំងអស់ត្រូវស្ថិតនៅក្រោមការពិនិត្យតាមដានយ៉ាងហ្មត់ចត់។ មិនតែប៉ុណ្ណោះប៉ូលីសណ័រវេស កំពុងធ្វើការស៊ើបអង្កេតផងដែរ បន្ទាប់ពីមាន Drone មិនស្គាល់អត្តសញ្ញាណ បានហោះសំកាំង ហាក់តាមដានសកម្មភាពរបស់យោធាសហរដ្ឋអាមេរិក និងណ័រវេ។
អ្នកនាំពាក្យរបស់យោធាណ័រវេ លោក Ole Johan Skogmo បានបញ្ជាក់ថា ពួកគេកំពុងធ្វើការស៊ើបអង្កេត ថាតើ Drone នេះជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋក្នុងតំបន់ ឬរបស់ប្រជាជាតិផ្សេងទៀត។
* តើអ្វីជាហេតុផលនៃការធ្វើសកម្មភាពយោធាទាំងនេះ?
«កាលពីឆ្នាំ២០១៤កន្លងទៅនេះ ប្រទេស រុស្ស៊ី បានបោះជំហានទៅរកការឈ្លានពាន តំបន់ដែលពួកគេចង់បាន ព្រមទាំងអាចប្រើប្រាស់អំណាចយោធានៅទីនោះ» ហើយនេះជាហេតុផលដែលឱ្យយើងត្រូវផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់ពីប្រទេស អាហ្គានីស្ថាន ដោយងាកមករួបរួមកម្លាំងការពារជាតិវិញ។
មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេស ណ័រវេ បានប្រាប់សារព័ត៌មាន CNN ថា ពួកគេមានក្តីបារម្ភជាខ្លាំងពីការគំរាមកំហែងរបស់ប្រទេស រុស្ស៊ី បន្ទាប់ពីវិបត្តិនៅគ្រីមៀ និងតំបន់ភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលក្រុមបះបោរផ្តាច់ខ្លួនរស់នៅដោយមានរុស្ស៊ីនៅពីក្រោយខ្នង។
* សេណារីយូនៃតំបន់គ្រីមៀ
មានយុទ្ធសាស្ត្រពីរយ៉ាងដើម្បីទប់ស្កាត់រឿងហេតុ ដែលអាចផ្ទុះចេញពីវិបត្តិគ្រីមៀ ទៅលើប្រទេសណ័រវេ៖
ទី១៖ គឺដាក់ពង្រាយរថយន្តពាសដែក ដើម្បីទប់ទល់នឹងយោធាប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្ខំឱ្យប្រទេសដែលនៅពីក្រោយខ្នង គ្រីមៀ គឺរុស្ស៊ី បង្ហាញវត្ថមានរថយន្តពាសដែករបស់ខ្លួនដូចគ្នា ដែលវាជាភស្ថុតាងមិនអាចប្រកែកបាន ព្រមទាំងអាចបញ្ជាក់យ៉ាងច្បាស់ថា រាល់ការវាយប្រហារនៅគ្រីមៀគឺមានរុស្ស៊ីនៅពីក្រោយខ្នង។
ទី២៖ គឺបង្ហាញវត្ថមានទ័ពម៉ារីនរបស់អាមេរិកនៅលើទឹកដីណ័រវេ ដើម្បីធ្វើឱ្យប្រាកដថា រាល់ការឈ្លានពានចូលប្រទេស ណ័រវេ គឺជាការប្រឈមមុខនឹងការវាយប្រហារជាមួយទ័ពសហរដ្ឋអាមេរិកជាក់ជាមិនខាន។
* ការកែប្រែទម្លាប់ចាស់លើវិស័យការពារជាតិអាមេរិក
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនឹងធ្វើការវាយតម្លៃជាថ្មីឡើងវិញ ទៅសម្ព័ន្ធអង្គការណាតូ ដែលត្រូវបានលោក ចាត់ទុកថា ជាសម្ព័ន្ធដែលគ្មានប្រយោជន៍តទៅទៀតឡើយ។ ការលើកឡើងបែបនេះ ប្រៀបបាននឹងការបន្លាចមួយ ដល់សន្តិសុខក្នុងប្រទេស ណ័រវេស។
ក្នុងមាត្រា៥បានចែងថា រាល់សមាជិកទាំងអស់របស់អង្គការណាតូ ត្រូវបានទទួលបានការពារពីសហរដ្ឋអាមេរិក។ ជាអកុសលលោកត្រាំ បានបដិសេធ ដោយបញ្ជាក់ថា «កិច្ចព្រមព្រៀងនេះ ធ្វើឱ្យសហរដ្ឋអាមេរិកចំណាយប្រាក់ និងខាតបង់លើសលុប»។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានបញ្ជាក់ថា នឹងធ្វើការពិចារណាជាថ្មីអំពីការដកខ្លួនចេញពីអង្គការណាតូ។
យោធាដែលល្បាតនៅតាមបន្ទាត់ព្រំដែនម្នាក់បានបញ្ជាក់ថា «កាលពីមួយឆ្នាំមុន យើងគ្មានអ្វីដែលគួរឱ្យបារម្ភឡើយ ដោយសារប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារយើងដែលជាប្រទេសសមាជិក។ សហរដ្ឋអាមេរិកនឹងក្លាយជាសម្ព័ន្ធដ៏សំខាន់បំផុតរបស់យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត»។
ប៉ុន្តែប្រសិនបើលោក ត្រាំ អនុវត្តតាមអ្វីដែលជាការឃោសនារបស់លោក មានន័យថា លោកកំពុងតែបំពានលើគោលនយោបាយការបរទេសដែលជាប្រពៃណីរបស់ សហរដ្ឋអាមេរិកនាពេលកន្លងមក វាគឺរបត់នៃការបង្កើតប្រព័ន្ធសន្តិសុខបែបថ្មី»។
ការពិតទៅជាការត្រឹមត្រូវដែលលោក ត្រាំ និយាយថា ប្រទេសជាសមាជិកចំាបាច់ត្រូវចំណាយច្រើនជាងនេះ សម្រាប់ជាមូលនីធិរបស់អង្គការណាតូ។ ប្រទេសជាសម្ព័ន្ធមិត្ត ចាំបាច់ត្រូវចំណាយយ៉ាងហោចណាស់ស្មើនឹង២ភាគរយនៃ GDP របស់ខ្លួនទៅលើវិស័យការពារជាតិ ប៉ុន្តែការពិតទៅមានតែប្រទេសចំនួនប្រាំ ប៉ុណ្ណោះដែលអាចសម្រេចបានតាមគោលការណ៍ខាងលើនេះ ដែលមានដូចជា សហរដ្ឋអាមេរិក ក្រិច ចក្រភពអង់គ្លេស អេស្តូនី និងប៉ូឡូញ។
យោងតាមរបាយការណ៍របស់អង្គការណាតូ បានបង្ហាញថា សហរដ្ឋអាមេរិកបានចំណាយប្រាក់ប្រមាណជា៦៥០ពាន់លានដុល្លារ ទៅលើវិស័យការពារជាតិ កាលពីឆ្នាំ២០១៥កន្លងទៅនេះ ដែលតួលេខនេះ ខ្ពស់ជាងពីរដងនៃការចំណាយសរុបរបស់ប្រទេសទាំង២៧ផ្សេងទៀត ដែលជាសមាជិករបស់អង្គការណាតូ។
ប៉ុន្តែស្ថិតក្នុងស្ថានភាពដែលត្រូវប្រឈមមុខជាមួយរុស្ស៊ីបែបនេះ វាជាការយល់ខុសជាខ្លាំងរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីសម្ព័ន្ធមួយ ដែលមានអាយុកាលជាង៦០ឆ្នាំកន្លងទៅនេះ។
មន្ត្រីរបស់ប្រទេស ណ័រវេ បានបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ គឺបន្ទាប់ពីរុស្ស៊ីឈ្លានពានចូលទឹកដីប្រទេស អ៊ុយក្រែកាលពីឆ្នាំ២០១៤កន្លងទៅនេះ យើងបានសង្កេតឃើញថា រុស្ស៊ីបានបង្ហាញសកម្មភាពឈ្លានពានកាន់តែខ្លាំងក្លា ជាពិសេសតាមរយៈការប្រើប្រាស់ Drone ដើម្បីឆ្វែលនៅតាមឆ្នេរប្រទេស ណ័រវេ។ ចំណែកសកម្មភាពនាវាមុជទឹកក៏កាន់តែសកម្ម ដែលយើងមិនធ្លាប់ជួបប្រទះ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់បានបញ្ចប់ទៅ៕