(បាងកក)៖ ព្រះបុត្រាស្នងរាជ្យនៃព្រះរាជាណាចក្រថៃ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន នឹងយាងជួបជាមួយប្រធានរដ្ឋសភាថៃនាវេលាម៉ោង ៦៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍នេះ ដែលទ្រង់នឹងទទួលយកជាផ្លូវការនូវការយាងឡើងគ្រងរាជ្យសម្បត្តិ ទៅតាមការសម្រេចរបស់អង្គសភាថៃ ហើយជំនួបនេះនឹងត្រូវធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។
សម្រាប់ពិធីនៅល្ងាចថ្ងៃព្រហស្បតិ៍ នឹងមានការចូលរួមពីលោក ព្រេម ទិនស៊ូឡាណុន ជាមហាឧបរាជ និងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី ព្រមទាំងលោក វីរៈពុល ទុងសុវ៉ាន់ ប្រធានតុលាការកំពូល ចូលរួមចាត់ចែងកិច្ចការផ្សេងៗ ហើយអំឡុងពេលនោះ ប្រធានរដ្ឋសភាលោក ផនពេច នឹងយាងព្រះបុត្រាដើម្បីប្រកាសពីការយល់ព្រមឡើងគ្រងរាជ្យសម្បត្តិតែម្តង។
គួរបញ្ជាក់ដែរថា ក្រោយពេលដែលបានតែងតាំងជាព្រះមហាក្សត្រថៃថ្មី ព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន នឹងក្លាយជាស្តេចរាមាទី១០ ដែលជាព្រះរាជាទី១០ នៅក្នុងសម័យកាលចក្រីដែលមានចំណាស់ជាង ២០០ឆ្នាំមកហើយនោះ ប៉ុន្តែទោះជាយ៉ាងណាក្តីពិធីរៀប អភិសេកជាផ្លូវការនឹងអាចប្រព្រឹត្តទៅបានឡើងរហូតទាល់តែព្រះរាជសពរបស់បិតាទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវធ្វើពិធីបូជានៅឆ្នាំក្រោយសិន៕