(អ៊ុយក្រែន)៖ បើយោងតាមអ្នកនាំពាក្យ ទីបញ្ជាការប្រតិបតិ្តការយោធាអ៊ុយក្រែនបានឲ្យដឹងថា ការធ្វើសមយុទ្ធបាញ់មីស៊ីលចំនួនពីរថ្ងៃ ដែលបានគ្រោងទុកនៅតំបន់ភាគខាងត្បូងប្រទេសកំពុងតែប្រព្រឹត្តទៅ ហើយកៀកនឹងដែនអាកាសតំបន់គ្រីមា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីជាទីបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញបញ្ហានេះកាលពីសប្តាហ៍មុនទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី Rosaviastia បានលើកឡើងថា ការដែលអ៊ុយក្រែនបានធ្វើការសម្រេចចិត្តដោយឯកតោភាគី ក្នុងការធ្វើសមយុទ្ធបាញ់មីស៊ីលនៅក្បែរទីក្រុង Simferopol នៃតំបន់គ្រីមា បានរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ដោយសារតែការហ្វឹកហ្វឺនបាញ់មីស៊ីលដែលធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ទី០២ ខែធ្នូនេះ នឹងរំលោភចូលទៅក្នុងដែនអាកាសចរណ៍របស់ប្រទេសរុស្ស៊ី ដូច្នេះហើយវាច្បាស់ជាបង្កការគំរាមកំហែងដល់សុវត្ថិភាពនៃការហោះហើរ។
ប៉ុន្តែអ្នកនាំទីបញ្ជាការដែនអាកាសនៃកងទ័ពជើងអាកាសអ៊ុយក្រែនលោក Volodymyr Kryzhanovskiy បានអះអាថា «អ្វីៗបានប្រព្រឹត្តទៅតាមគំរោងការណ៍ដែលបានរៀបចំទុក ហើយការធ្វើសមយុទ្ធបាញ់មីស៊ីលនេះមិនបានបំពានច្បាប់អន្តរជាតិនោះឡើយ ព្រោះថាយើងនឹងរក្សាចម្ងាយយ៉ាងហោចណាស់ក៏បីគីឡូម៉ែត្រពីដែនអាកាសតំបន់គ្រីមៀដែរ ដែលគម្លាតនេះគឺសមរម្យមិនរំលោភច្បាប់អ្វីឡើយ»។
យ៉ាងណាមិញខណៈពេលកងអង្គភាពនាវាសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី កំពុងតែប្រុងជើងការនៅតាមបណ្តាយឆ្នេរភាគខាងលិចនៃតំបន់គ្រីមៀ ដើម្បីត្រៀមខ្លួនការពារដែនអាកាសក្នុងតំបន់ ដោយនឹងអាចធ្វើការបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់អ៊ុយក្រែនណាមួយ ដែលហ៊ានបាញ់រំលោភចូលក្នុងដែនអាកាសរបស់់រុស្ស៊ី។ គួរបញ្ជាក់ដែរថាប្រទេសរុស្ស៊ីក៏បានផ្ញើសារព្រមាន ទៅកាន់ភាគីអ៊ុយក្រែនផងដែរប៉ុន្តែពុំទាន់ទទួលបានការឆ្លើយតបវិញនោះឡើយ៕