(ស៊ីរី)៖ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ សញ្ជាតិបាំរាំងដើមកំណើតស៊ីរី លោក Bassam Tahhan បានវាយតម្លៃថា ការលើកឡើងរបស់ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ដែលថាកងទ័ពតួកគីចូលទៅក្នុងទឹកដីស៊ីរី ដើម្បីផ្ដួលរំលំរបបដឹកនាំផ្ដាច់ការនៃប្រធានាធិបតីស៊ីរី លោក អាស្សាដ គ្រាន់តែជាការស្រមើស្រម៉ៃ តែប៉ុណ្ណោះ ខណៈប្រព័ន្ធមីស៊ីលរុស្ស៊ី S-300 និងS-400 កំពុងមានវត្តមាននៅលើទឹកដីស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។
វាជាការស្រមើស្រម៉ៃព្រោះលោក អឺដូហ្កាន់ ផ្ទាល់ក៏បានដឹងដែរថា ការប្រកាសសង្រ្គាមជាមួយស៊ីរី គឺវាប្រៀបបានទៅនឹងការប្រកាសសង្រ្គាមជាមួយអ៊ីរ៉ង់ ក្រុមឧទ្ទាមហេសប៊ូលឡា និងរុស្ស៊ី ដែលជាខ្នងបង្អែកដ៏ធំ នៃរបបដឹកនាំរបស់ លោក អាស្សាដ។ បន្ថែមពីលើនេះឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Russian Today នៅក្នុងបទសម្ភាសន៍មួយដែលសួរថា តើកងទ័ពតួកគីមានសមត្ថភាពវាយលុកលើស៊ីរីដែរ ឬទេ? លោក Bassam Tahhan បានឆ្លើយថា «វាមិនអាចទៅរួចនោះទេ ព្រោះប្រព័ន្ធមីស៊ីលរុស្ស៊ី S-300 និងS-400 កំពុងមានវត្តមាននៅមូលដ្ឋានទ័ព Khmeimim ក្នុងខេត្ត Lattaquia នៃទឹកដីស៊ីរីដ៏មានឥទ្ធិពល»។
ដូច្នេះកុំថាឡើយតួកគី សូម្បីតែសហរដ្ឋអាមេរិក និងអង្គការ NATO ក៏ញញើតនឹងប្រព័ន្ធមីស៊ីលនេះដែរ ត្បិតពួកគេសុទ្ធតែដឹងថា ប្រព័ន្ធមីស៊ីលS-300 និង S-400 មានសមត្ថភាពបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់សត្រូវឱ្យធ្លាក់ដល់ដីដូចជាសត្វមូស ក្នុងរយៈពេលដ៏ខ្លី»។ គួរបញ្ជាក់ថាជុំវិញការលើឡើងរបស់លោក អឺដូហ្កាន់ នេះដែររដ្ឋាភិបាលស៊ីរីបានចាត់ទុកថាតួកគីទទួលស្គាល់ហើយថា ខ្លួនឯងកំពុងឈ្លានពានស៊ីរី៕