(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃពុធនេះថា លោក នឹងបោះបង់ចោលមុខជំនួញរបស់លោកទាំងស្រុង ដើម្បីយកចិត្តទុកដាក់លើដឹកនាំប្រទេស ហើយលោកថា នឹងពិពណ៌នាលម្អិតពីផែនការនេះនៅថ្ងៃទី១៥ ខែឆ្នូ ខាងមុខនេះ ក្នុងឱកាសធ្វើសន្និសិទសារព័ត៌មានជាមួយ នឹងគ្រួសាររបស់លោក។ នេះបើតាមអ្វីដែលលោកត្រាំសរសេរនៅលើ Twitter ចុះផ្សាយបន្តដោយសារព័ត៌មាន Reuters នៅមុននេះបន្តិចនាយប់ថៃ្ងពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ជុំវិញរឿងបោះបង់ចោលមុខជំនួញនេះដែរ លោក ត្រាំ ធ្លាប់លើកឡើងម្ដងរួចមកហើយដោយ លោកផ្ទាល់អះអាងថានឹងប្រគល់វាឱ្យទៅកូនៗរបស់លោក។ លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់លោក នឹងត្រូវស្បថចូលកាន់ដំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
សូមជំរាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឺខេមបូឌា ដេលី ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែ វិច្ឆិកា បានហៅលោក ដូណាល់ ត្រាំ ថា មិនមែនជាជាអ្នកប្រជាធិបតេយ្យនោះ ហើយជាជនជឿជាក់លើអំណាចផ្តាច់ការរបស់លុយ។ លោក សម រង្ស៊ី ថែមទាំងបានលើក ឡើងទៀតថា បើលោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតេយ្យអាមេរិក នឹងមានគ្រោះថ្នាក់បំផុត ចំពោះពិភពលោក ដែលផ្ទុយពីលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមានសភាពនឹងនរ។
កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បុរសដែលលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជាហៅថា ជាជនផ្តាច់ការនោះ បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីលើកទី៤៥ របស់អាមេរិកហើយ ជាមួយសំឡេងគាំទ្រលើសលប់ ខណៈគូប្រជែងរបស់លោកមកពី គណបក្សប្រជាធិបតេយ្យ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានសំឡេងគាំទ្រតិចជាង៕