(រ៉ង់ហ្គូន)៖ កងកម្លាំងចំរុះរបស់ជនជាតិដើមភាគតិចប្រដាប់អាវុធចំនួនពីរក្រុម នៅតែបានបន្តបើកការវាយប្រហារ ទៅលើបន្ទាយប៉ុស្តិ៍ត្រួតពិនិត្យ របស់យោធានៃក្រុង Kutkai និង Mongkoe នៅភាគខាងជើងរដ្ឋ Shan នៃប្រទេសមីយ៉ានម៉ាក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើយោងតាមមន្រ្តីកងទ័ពជើងគោកនៃសហភាពមីយ៉ាន់ម៉ា កងកម្លាំងឯករាជ្យកាជីន (KIA) បានរួមដៃគ្នាជាមួយនិងកងរំដោះជាតិ តាអាង (TNLA) បើកការវាយប្រហារដោយកាំភ្លើងធំ ព្រមទាំងគ្រាប់ផ្លោងប្រឆាំងទៅនឹងកម្លាំងយោធាក្រុង Kutkai នៅព្រឹកព្រលឹមថ្ងៃពុធម្សិលមិញនេះ (ម៉ោងក្នុងទីក្រុងរ៉ង់ហ្គូន) ប៉ុន្តែសំណាងល្អពុំមានសេចក្តីរាយការណ៍ថា មានអ្នកស្លាប់ ឬរបួសអ្វីឡើយ។
ដោយឡែកកាលពីយប់ថ្ងៃអង្គារ កងកម្លាំង KIA ជិត ៣០នាក់បានធ្វើការវាយលុកទៅលើប៉ុស្តិ៍យាម របស់យោធាមីយ៉ានម៉ានៃក្រុង Mongkoe ថែមទៀតផង។ ជាងនេះទៅទៀតកងកម្លាំងចម្រុះខាងលើបានបំផ្លាញស្ពានមួយខ្សែក្នុងខេត្ត Muse កាលពីព្រឹកថ្ងៃអង្គារ និងបានលបវាយប្រហារទៅលើក្បួនរថយន្តដឹកជំនួយ របស់កងកម្លាំងរដ្ឋាភិបាលផងដែរ ហើយក្រោយពេលកើតហេតុកងកម្លាំងរដ្ឋាភិបាល បានព្យាយាម
ដេញតាមក្រុមប្រដាប់អាវុធទាំងអស់នោះ។
គួរបញ្ជាក់ថា បើយោងតាមតួលេខជាផ្លូវការចុងក្រោយបំផុតមនុស្សចំនួន ១៤បានស្លាប់ និង៥០នាក់ផ្សេងទៀត បានទទួលរងរបួសនៅក្នុងជម្លោះប្រដាប់អាវុធ នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ហើយក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតរួមមាន មន្រ្តីប៉ូលិសបីនាក់, ជនសកម្មប្រយុទ្ធម្នាក់, និងប្រជាជនស៊ីវិលស្លូតត្រង់ចំនួន ១០នាក់ ខណៈមនុស្សដែលរងរបួសមានប៉ូលិស ១១នាក់, មន្ត្រីរដ្ឋាភិបាលពីរនាក់, និងប្រជាជន ៣៧នាក់៕