(ស៊ីរី)៖ រដ្ឋាភិបាលស៊ីរី តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានហៅការលើកឡើងពីសំណាក់ប្រធានាធិបតី តួកគី លោក អឺដូហ្គាន់ ដែលថាកងទ័ពតួកគីចូលទៅក្នុងទឹកដីស៊ីរី ដើម្បីបិទបញ្ចប់របបដឹកនាំ លោក អាស្សាដ នោះគឺ «ជាការឈ្លានពានទំាងស្រុង ក៏ដូចជាទទួលស្គាល់ថាខ្លួនឯងកំពុងឈ្លានពាន លើបូរណភាពដែនដីស៊ីរី»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសស៊ីរី បានគូសបញ្ជាក់ថា «ការលើកឡើងរបស់លោក អឺដូហ្គាន់ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាឈ្លានពានទឹកដីស៊ីរី ក៏ប៉ុន្តែក្ដីស្រមៃ និងមហិច្ឆតានេះ នឹងមិនអាចទទួលបានលទ្ធផលអ្វីទាល់តែសោះ»។
គួររំលឹកថាគិតចាប់ពីថ្ងៃទី២៤ ខែសីហាមក កងទ័ពតួកគី បានដឹកនាំប្រតិបត្តិការយោធានៅតំបន់ទន្លេ Euphrate នៃភាគជើងប្រទេសស៊ីរី ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ដោយបានដណ្ដើមគ្រប់គ្រងទីក្រុង Jerablus ហើយបាន និងកំពុងបន្តការវាយលុយឆ្ពោះទៅភាគអាគ្នយ៍ នៃប្រទេសស៊ីរី ដែលលោក អឺដូហ្គាន់ ផ្ទាល់អះអាងថា លោកមានបំណងវាយបណ្ដេញក្រុមភេរវករ ចេញពីតំបន់ក្នុងទំហំ ៥,០០០ម៉ែត្រក្រឡា ដើម្បីបង្កើតតំបន់សន្តិសុខមួយសម្រាប់ជនភៀសខ្លួន៕