(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះរួមមានទាំងចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់កូរ៉េខាងជើង បានយល់ព្រមជាឯកច្ឆ័នហើយ នៅថ្ងៃពុធក្នុងការសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹង របបដឹកនាំក្រុងព្យុងយ៉ាង ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែជាលើកទី៥ កាលពីខែកញ្ញា កន្លងទៅ ហើយដែលការដាក់ទណ្ឌកម្មនេះទៀតសោត នឹងកាត់បន្ថយប្រាក់ចំណូលប្រចាំឆ្នាំ១/៤ នៃប្រទេសកុម្មុយនីស្ដឯកោមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅយប់ ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
សមាជិកប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទំាង១៥ប្រទេស រួមមានទំាងចិន បានអនុម័តជាឯកច្ឆ័នលើដំណោះស្រាយដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជាពិសេស គឺការកាត់បន្ថយការនាំចេញ ធ្យូងថ្ម ៦០ភាគរយ ឬ៧.៥លានតោនក្នុងមួយឆ្នាំ ដែលនេះនឹងធ្វើឱ្យកូរ៉េខាងជើង ខាតបង់ប្រាក់ចំណូលយ៉ាងហោចណាស់ ៤០០.៩លានដុល្លារអាមេរិក។ ជាងនេះទៅទៀត ក្រៅពីធ្យូងថ្ម ការនាំចេញ ទង់ដែង នីកែល ស័ង្កសី ប្រាក់ និងរូបចំលាក់ ជាដើមក៏ត្រូវបានហាមឃាត់ផងដែរ។
សូមជំរាបថា ការសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង កាលពីពេលមុនៗត្រូវបានគេមើលឃើញថា ពុំសូវជាមានប្រសិទ្ធិភាពឡើយ ព្រោះថាទីក្រុងប៉េកាំង ហាក់ដូចជា គ្មានចេតនាពិតប្រាកដ ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ចំណែកឯកូរ៉េខាងជើងនៅតែបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែជាបន្តបន្ទាប់៕