(កូឡុំប៊ី)៖ ក្រុមអ្នកស៊ើបអង្កេត ដោយផ្អែកលើប្រអប់ខ្មៅទំាងពីរ នៃយន្ដហោះដឹកកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense ដែលបានធ្លាក់កាលពីថ្ងៃអង្គារ ម្សិលមិញ នៅឯតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេស កូឡុំប៊ី បានឱ្យដឹងជាជំហានដំបូងថាមូលហេតុនៃការធ្លាក់យន្ដហោះនេះ អាចបណ្ដាលមកពីបញ្ហាអេឡិចត្រូនិច និងអស់ប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
គ្រោះថ្នាក់ធ្លាក់យន្ដហោះនៃជើងហោះ LAMIA flight ២៩៣៣ បានសម្លាប់មនុស្ស ៧១នាក់នៅក្នុងចំណោម អ្នកដំណើរ ៧៦ នាក់ ខណៈ៥នាក់ ផ្សេងទៀតនៅរស់រាន្តមានជីវិត។ រីឯមូលហេតុនៃគ្រោះថ្នាក់ត្រូវបានក្រុម អ្នកស៊ើបអង្កេតអះអាងជាបឋមថាបណ្ដាលមកពីអស់ប្រេងឥន្ធនៈ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកស៊ើបអង្កេត មិនទាន់ប្រាកដនៅឡើយទេ ថាបញ្ហាអស់ប្រេងឥន្ធនៈ គឺជាមូលហេតុចម្បង ព្រោះថាចំងាយពីទីតាំងយន្ដហោះ ធ្លាក់ និងអាកាសយានដ្ឋាន ស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ។
សូមជំរាបថា អាជ្ញាធរប្រេស៊ីល កាលពីថ្ងៃអង្គារ បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ នៅទូទំាងប្រទេសដល់ជន រងគ្រោះស្លាប់បាត់បង់ជីវិត។ ដោយឡែកអ្នកនៅរស់រាន្តមានជីវិតទាំង៦នាក់ ត្រូវបានគេបញ្ជាក់អត្តសញ្ញាណ ហើយ មានកីឡាករក្លឹប Chapecoense បីនាក់គឺ Alan Ruschel, Jackson Follmann និង Hélio Neto ព្រមទំាងអ្នកសារព័ត៌មាន លោក Rafael Valmorbida, អ្នកបច្ចេកទេសពីររូប គឺលោក Ximena Suarez និង លោក Erwin Tumiri៕