(ម៉ានីល)៖ នៅក្រោយពេលដែលកងអង្គរក្សរបស់លោកបានទទួលរងរបួស នៅក្នុងការវាយឆ្មក់ពីសំណាក់ពួកសកម្មប្រយុទ្ធ Maute ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្តេជ្ញាថានឹងបង្កើនប្រតិបត្តិការដើម្បីកម្ចាត់ក្រុមឧទ្ទាមដែលគាំទ្រក្រុមរដ្ឋអ៊ីស្លាម ISIS នេះឲ្យអស់ពីក្នុងទឹកដីរបស់ប្រទេសលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយដែលធ្វើឡើងនៅក្នុងទីក្រុង Cagayan de Oro ភាគខាងត្បូងប្រទេស ក្នុងឱកាសដំណើរសួរសុខទុក្ខនាយទាហានដែលបានរងរបួស លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានលើកឡើងថាលោកបានព្យាយាមរិះរកគ្រប់វិធី ដើម្បីបង្ការកុំឲ្យកើតមានសង្រ្គាម ជាមួយនឹងជាតិសាសន៍ហ្វីលីពីនដូចគ្នា ប៉ុន្តែពួកក្រុមសកម្មប្រយុទ្ធ Maute បានបង្ខំឲ្យលោកប្រើប្រាស់កម្លាំងកងទ័ព ដើម្បីចម្ចាត់ពួកគេចោលឲ្យទាល់តែបាន ដោយនាពេលនេះក្រុមសកម្មប្រយុទ្ធដែលហ៊ានលួចវាយឆ្មក់ទៅលើក្រុមការពារ
សុវត្ថិភាពរបស់លោកប្រធានាធិបតី ត្រូវបានសម្លាប់អស់ចំនួន ៦១នាក់ហើយ។
គួររំលឹកថានៅថ្ងៃអង្គារម្សិលមិញនេះ សមាជិកនៃកងកម្លាំងកាពារសន្តិសុខជូនប្រធានាធិបតីហ្វីលីពីនឬហៅកាត់ថា PSG ចំនួន ០៧នាក់បានទទួលរងរបួសយ៉ាងធ្ងន់ នៅពេលពេលដែលគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅលើដងមហាវិថី ដែលក្បួនរថយន្តរបស់ពួកគេបានធ្វើដំណើរឆ្លងកាត់៕