(ញូដេលី)៖ ឧទ្ធម្ភាគចក្រដឹកមន្ត្រីរដ្ឋាភិបាលឥណ្ឌា បានធ្លាក់នៅភាគខាងកើតប្រទេសក្នុងថ្ងៃពុធនេះ បានបណ្តាលឲ្យមន្ត្រីបីរូបបាត់បង់ជីវិត ខណៈព័ត៌មានភ្លាមៗបែបនេះគេនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យឧទ្ធម្ភាគចក្រនោះធ្លាក់ ឬក៏អាចមានជនរងគ្រោះណាបន្ថែមទៀតនោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
សម្រាប់ព័ត៌មានលម្អិតនោះគឺមន្រ្តីទាំងបីរូបដែលបានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌានៅមុននេះបន្តិច គឺជាជាមន្រ្តីរបស់ក្រសួងការពារជាតិឥណ្ឌា ហើយមន្រ្តីយោធាម្នាក់ផ្សេងទៀតដែលរួមដំណើរនៅលើនោះ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងចំពេលដែលឧទ្ធម្ភាគចក្រប្រភេទ Cheetah របស់កងទ័ពជើងគោកនៃប្រទេសឥណ្ឌា ដែលកំពុងធ្វើការហោះហើរហ្វឹកហ្វឺនប្រចាំថ្ងៃនោះ បានរាបនឹងចុះចតនៅឯមូលដ្ឋានយោធា Sukhna ក្នុងរដ្ឋ West Bengal នាវេលាម៉ោងប្រមាណជា ១០៖៣០នាទីព្រឹក (ម៉ោងក្នុងទីក្រុងញូដេលី) ហើយនៅក្រោយពេលធ្លាក់ភ្លាមៗ មន្រ្តីការពារជាតិជាន់ខ្ពស់មួយរូបរួមនិងក្រុមជួយសង្រ្គោះ ក៏បានរួសរាន់ទៅកាន់កន្លែងកើតហេតុយ៉ាងឆាប់រហ័សបំផុត និងបានបញ្ជូនមន្រ្តីយោធាដែលនៅរស់រាន្តមានជីវិត ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីជួយសង្រ្គោះជាបន្ទាន់។
គួរបញ្ជាក់ដែរថាមូលដ្ឋានយោធា Sukhna គឺជារបស់កងអង្គភាពលេខ៣៣ របស់កងទ័ពជើងគោកនៃប្រទេសឥណ្ឌា រីឯឧទ្ធម្ភាគចក្រដែលបានធ្លាក់ ជាកម្មសិទ្ធិ របស់កងទ័ពជើងអាកាសឥណ្ឌាហើយនាពេលនេះមន្រ្តីជំនាញកំពុងបើកស៊ើបអង្កេតទៅលើមូលហេតុ ដែលបានបង្កជាសោកនាដកម្មមួយនេះ៕