(ប៉េកាំង)៖ ចិនបានប្រាប់មីយ៉ាន់ម៉ានៅថ្ងៃពុធនេះថា ប្រទេសទាំងពីរគួរតែធ្វើការងាររួមគ្នាក្នុងការរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន ខណៈទីក្រុងប៉េកាំងកំពុងព្រួយបារម្ភ ជុំវិញជម្លោះប្រដាប់អាវុធ រវាងកងកម្លំាង មីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិដើមភាគតិច ដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចូលទៅក្នុងទឹកដីចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការស្នើសុំកិច្ចសហប្រតិបត្តិការពីភាគមីយ៉ាន់ម៉ា ធ្វើឡើងដោយរដ្ឋមន្ត្រីការបទេសចិន លោក វ៉ាង យី នៅក្នុង ឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំងនៃក្រុមប្រតិភូមីយ៉ាន់ម៉ា។ លោក វ៉ាង យី បញ្ជាក់ថា ប្រទេសទាំងពីរគួរតែធ្វើការងាររួមគ្នាទាំងផ្លូវការទូត ឬយន្ដការយោធាដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន។ ប៉ុន្តែរដ្ឋាភិបាលចិន ក៏មានឆន្ទៈស្របគ្នាដែរជាមួយ មីយ៉ាន់ម៉ា តាមរយៈការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថាជម្លោះរើសអើងជាតិសាន៍លើជនជាតិដើមភាគតិចមូស្លីម រ៉ូហីងយ៉ា នៅឯភាគពាយព្យនៃរដ្ឋ Rakhine ក៏បានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ រត់ភៀសខ្លនចូលទៅក្នុងទឹកដីប្រទេស បង់ក្លាដែស ផងដែរ នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕