(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រ៉ាសិប តៃយីប អឺដូហ្គាន់ បានថ្លែងថាកងទ័ពតួកគីចូលទៅក្នុងទឹកដីស៊ីរី គឺដើម្បីបិទបញ្ចប់របបដឹកនាំនៃប្រធានាធិបតីលោក បាហ្សា អាល់ អាស្សាដ ដែលលោកផ្ទាល់ចោទប្រកាន់ថាជាភេរវករ និងជាអ្នកទទួលខុសត្រូវលើការស្លាប់ប្រជាជនស៊ីរីជិត១លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក អឺដូហ្គាន់ ធ្វើឡើងនៅក្នុងឱកាសចូលរួមក្នុងពិធីមួយកាលពីថ្ងៃអង្គារ នៅ ទីក្រុងអ៊ីស្ដង់ប៊ូល។ យោងតាមការដកស្រង់សម្ដីដោយសារព័ត៌មានតួកគី Hurriyet ប្រធានាធិបតីតួកគីរូប នេះបានលើកឡើងដូច្នេះថា «យើងបានចូលទៅក្នុងទឹកដីស៊ីរី ដើម្បីផ្តួលរំលំរបបដឹកនាំរបស់ជនផ្ដាច់ការ អាស្សាដ ហើយយើងក៏មិនចង់បាន ឬក៏សម្លឹងឃើញផលប្រយោជន៍អ្វីពីស៊ីរីដែរ ប៉ុន្តែគោលបំណងធំរបស់យើងនោះគឺប្រគល់ទឹកដី និងអំណាចទៅឱ្យអ្នកដែលជាម្ចាស់ពិតប្រាកដពោលគឺយើងនៅទីនោះ (ស៊ីរី) សំដៅកសាងយុត្តិធម៌ឡើងវិញ»។
បន្ថែមពីលើនេះលោក អឺដូហ្គាន់ ក៏បានបន្ទោសអង្គការសហប្រជាជាតិផងដែរ ថាគ្មានសមត្ថភាព និងឥទ្ធិពលគ្រប់គ្រាន់ក្នុងការដោះស្រាយសង្រ្គាមនៅស៊ីរី។ «ពិភពលោកគឺធំជាងប្រទេសទំាង៥ហ្នឹង»។ នេះជាការកត់សម្គាល់របស់លោក អឺដូហ្គាន់ ដោយសំដៅទៅលើសមាជិកអចិន្រៃ្តយ៍ទាំង៥ នៃក្រុមប្រឹក្សា អង្គការសហប្រជាជាតិដែលមានដូចជា អាមេរិក ចិន រុស្ស៊ី បារាំង និងអង់គ្លេស។
គួររំលឹកថាបើតាមប្រធានាធិបតីតួកគី ប្រជាជនស៊ីរីជិត១លាននាក់បានស្លាប់បាត់បង់ជីវិត ចាប់ពីសង្រ្គាមស៊ីរី ផ្ទុះឡើងនៅឆ្នាំ២០១១ ផ្ទុយពីអង្គការសហប្រជាជាតិ ដែលបានវាយតម្លៃថាប្រជាជនស៊ីរីតែ ៤០០,០០០នាក់ ប៉ុណ្ណោះ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមស៊ីវិលនេះ៕