(បាងកក)៖ ពលទាហានម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកកែច្នៃនៅស្រុកមួង នៃខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
គ្រាប់បែកចំនួនមួយគ្រាប់ដែលបានផ្ទុះឡើងនៅវេលាម៉ោង ៥៖២០នាទីទៀបភ្លឺ (ម៉ោងក្នុងទីក្រុងបាងកក) ត្រូវបានផលិតក្នុងទម្រង់ជាធុងហ្គាសមួយដែលមានទម្ងន់ពី ២០ ទៅលើដងផ្លូវវិថីដែលស្ថិតនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Sapan Dam ក្នុងស្រុកមួង ហើយនៅពេលដែលនាយទាហានបួននាក់ បានជិះម៉ូតូធ្វើដំណើរឆ្លងកាត់ចំនុចនោះដើម្បីឆ្ពោះទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យគ្រាប់បែកកែច្នៃមួយគ្រាប់នោះ ក៏ត្រូវបានបំផ្ទុះពីចម្ងាយដោយប្រព័ន្ធវិទ្យុទាក់ទង និងបានស្លាប់ពលទាហានម្នាក់ខណៈបីនាក់ទៀតរងរបួស។
គួរបញ្ជាក់ថាពួកក្រុមបះបោរផ្តាច់ខ្លួននៅភាគខាងត្បូងនៃប្រទេសថៃបានបង្កចលាចល និងការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនក៏ដូចជាភ្ញៀវទេសចរ ដោយពួកនេះតែងបានធ្វើការវាយប្រហារដោយបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្តាលឲ្យមានអ្នករងរបួសខ្ទង់រយនាក់ថែមទៀតផង ហើយទោះបីជាបច្ចុប្បន្នសន្តិសុខនៅតាមតំបន់នោះ ត្រូវបានរឹតបន្តឹងយ៉ាងណាក៏ដោយក៏ការវាយប្រហារនៅតែអាចកើតមានឡើងបានដដែល៕