(កូឡុំប៊ី)៖ ប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos នៅថ្ងៃពុធនេះបានសម្តែងការចូលរួមសោកស្តាយយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការធ្លាក់ យន្តហោះដឹកក្រុមកីឡាករបាល់ទាល់ប្រេស៊ីល នៅក្នុងប្រទេសរបស់លោក ដែលផ្តាច់យកជីវិតមនុស្សដល់ទៅចំនួន៧១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Santos បានបង្ហោះសាររំលែកទុក្ខនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា «សោកនាដកម្មដ៏អាក្រក់នេះបានធ្វើឲ្យប្រជាជាតិកូឡុំប៊ីមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ហើយយើងសោកស្តាយបំផុតចំពោះគ្រោះថ្នាក់ដែលបានកើតមានឡើងចំពោះយន្តហោះ ដែលដឹកក្លឹបបាល់ទាល់ Chapecoense របស់ប្រទេសប្រស៊ីលនេះ»។
យន្តហោះខាងលើនេះបានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធនេះ៕