(សេអ៊ូល)៖ សមាជិកសភាមួយក្រុមនៃគណបក្សកាន់អំណាចបច្ចុប្បន្ន Saenuri Party ដែលគាំទ្រឱ្យ លោកស្រី ផាក គឺនហេ ចុះចេញពីមុខតំណែងបានស្នើនៅថ្ងៃពុធនេះ ឱ្យលោកស្រីកំណត់ពេលវេលាលែងពី តំណែងជាប្រធានាធិបតីឱ្យបានច្បាស់យ៉ាងយូរនៅចុងខែមេសា ឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមសមាជិកសភាដដែលបានឱ្យដឹងទៀតថា ខ្លួនទទួលបានសំឡេងគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីដំណើរការនីតិវិធីទម្លាក់លោកស្រី ផាក ពីអំណាចស្នើឡើងដោយគណបក្សប្រឆាំងដែលត្រូវការសំឡេងឯកភាព ២០០សំឡេងក្នុងចំណោម អសនៈសភាសរុប ៣០០អសនៈ ខណៈក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សរបស់លោកស្រី ផាក យ៉ាងហោចណាស់ ២៨នាក់ និងក្រុមអ្នកតំណាងរាស្ត្រឯករាជ្យ រួមទាំងគណបក្សប្រឆាំង ១៧២នាក់ ត្រូវបានគេរំពឹងថានឹងបោះឆ្នោតទម្លាក់លោកស្រីប្រធានាធិបតី។
«លោកស្រីប្រធានាធិបតី គួរតែបញ្ជាក់ឱ្យបានច្បាស់ពីកាលបរិច្ឆេទលាលែងពីតំណែងដើម្បីបង្ហាញភាពស្មោះត្រង់ តែបើពុំដូច្នោះទេបក្សកាន់អំណាច និងបក្សប្រឆាំងនឹងសម្រេចផ្លូវដើរឱ្យលោកស្រីឱ្យបានមុនថ្ងៃទី០៨ ខែធ្នូ ក៏ដូចជាការដំណើរកានីតិវិធីទម្លាក់លោកស្រីពីតំណែងនៅថ្ងៃទី៩ ខែឆ្នូ»។ នេះបើតាមលោក Hwang Young-cheul អ្នកនាំពាក្យក្រុមប្រឹក្សាមួយ ដែកសម្តែងការមិនគាំទ្រលើលោកស្រី ផាក។
គួររំលឹកថាកាលពីថ្ងៃអង្គារ លោកស្រី ផាក គឺនហេ បានថ្លែងសារទៅកាន់ប្រជាជាតិកូរ៉េខាងត្បូងដោយបានសូមទោសជាលើកទី៣ ចំពោះរឿងអាស្រូវពុករលួយនយោបាយពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ហើយលោកស្រីថែមទំាងអះអាងដែរថា នឹងទទួលយកក៏ដូចជាទុកឱ្យសភាជាអ្នកសម្រេច លើជោគវាសនាជាប្រធានាធិបតី របស់លោកស្រីទៅចុះ៕