(វ៉ាស៊ីនតោន)៖ នៅទីបំផុតក្រុមរដ្ឋអ៊ីស្លាម ISIS បានចេញមុខទទួលខុសត្រូវ ទៅលើការវាយប្រហារ នៅឯសាកលវិទ្យាល័យរដ្ឋអូហៃយ៉ូ កាលពីដើមសប្តាហ៍នេះ ដែលបានបណ្ដាលឱ្យមនុស្ស ១១នាក់រងរបួស ដោយអះអាងថាជនល្មើសចាក់ឱ្យជនរងគ្រោះរបួស គឺជាសមាជិក នៃក្រុមរបស់ខ្លួន ខណៈក្រុមអ្នកស៊ើបអង្កេត ក៏ជឿថាការវាយប្រហារនេះអាចមានទំនាក់ទំនងនឹងពួក ISIS ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារ CNN នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមរយៈប្រព័ន្ធផ្សាព្វផ្សាយរបស់ខ្លួនឈ្មោះថា Amaq ក្រុម ISIS បាននិយាយថា «បុគ្គល (Abdul Razak Ali Artan) បានដឹកនាំប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹង ការអំពានាវឱ្យវាយប្រហារដាក់គោលដៅលើប្រជាជននៃបណ្ដាប្រទេសដែលបានចូលរួមជាមួយក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការធ្វើប្រតិបត្តិការយោធានៅប្រទេស អ៊ីរ៉ាក់ និងស៊ីរី»។
គួរបញ្ជាក់ថា Abdul Razak Ali Artan មានអាយុ១៨ឆ្នាំ គឺជាពលរដ្ឋអាមេរិក ដើមកំណើតសូម៉ាលី និងជា និស្សិតរៀននៅសាកលវិទ្យាល័យ រដ្ឋអូហៃយ៉ូ បានចាក់ឱ្យនិស្សិត១១ នាក់រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ មុននឹងរូបគេត្រូវបានប៉ូលិសបាញ់សម្លាប់ ហើយបើតាមប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក យុវជនរូបនេះបានបង្ហោះ សារជាច្រើនប្រឆាំងនឹងសហរដ្ឋអាមេរិក នៅលើ Facebook មុននឹងធ្វើសកម្មភាពវាយប្រហារ៕