(ក្រុងរីយ៉ូ)៖ ក្រុមបាល់ទាត់អាជីព Chapecoense មានអាយុកាល៤៣ឆ្នាំមកហើយ ចាប់តាំងពីបានបង្កើតឡើងដំបូង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧៣ ដែលមានពហុកីឡដ្ឋានឈ្មោះថា Arena Conda ផ្ទុកមនុស្សបានចំនួន ២៦០០០នាក់ ស្ថិតទីក្រុង Chapeco នៃរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដោយមានលោក Sandro Pallaoro ជាប្រធានក្លឹប និងលោក Caio Junior ជាគ្រូបង្វឹកបង្គោល។
តាមរយៈគេហទំព័រ Wikileak និងសារព័ត៌មាននានាបានចុះផ្សាយថា ក្លឹប Chapecoense ជាជើងខ្លាំងដែលកំពុងលេង ក្នុងក្របខណ្ឌកំពូលប្រេស៊ីល Serie A ក្នុងចំណោមទាំង ២០ក្រុមខ្លាំងផ្សេងទៀត ដែលឈរនៅលេខរៀងទី៩ ក្នុងតារាង បណ្តោះអាសន្នក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ នេះ រកបាន៥២ពិន្ទុ ឆ្លងកាត់៣៧ប្រកួត ឈ្នះ១៣ ស្មើ១៣ និងចាញ់១១ដង តែមិនធ្លាប់លើកពានធំប្រចាំប្រទេសប្រេស៊ីលមួយនេះទេ តែធ្លាប់បានឈ្នះពានផ្សេងៗ បានចំនួន ១០ដងដែរ។
ក្លឹប Chapecoense បានកើតឡើងមកលេងក្នុងក្របខណ្ឌកំពូលប្រេស៊ីលលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៩ និងឆ្នាំ២០១៤ មុនពេលក្លឹបមួយនេះបានបើកទំព័រប្រវត្តិសាស្រ្តថ្មីក្នុងឆ្នាំ២០១៦ នេះ តាមរយៈឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa Sudamericana 2016 បន្ទាប់ពីបានយកឈ្នះគូប្រជែង San Lorenzo de Almagro ដើម្បីឡើងទៅជួបក្រុម Atletico Nacional នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពាន Copa Sudamericana 2016 ដែលនឹងប្រកួតនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកាស្អែកនេះ។
តែរឿងដែលនឹកស្មានមិនដល់ និងគ្រោះអកុសលបានកើតឡើងចំពោះក្រុម Chapecoense ដោយឧបទ្ទវហេតុធ្លាក់យន្តហោះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី តាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅប្រទេសកូឡុំប៊ីតែម្តង។
តាមព័ត៌មានចុងក្រោយបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនោះបានសម្លាប់មនុស្ស៧៦នាក់ និងរងរបួសចំនួន៥នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយក្នុង៥នាក់ដែលរងរបួសនោះមាន៣នាក់ជាកីឡាករ៕